ដោយ ៖ រ៉ាណេត
បាត់ដំបង ៖ គម្រោងសាងសង់ទំនប់ទឹកដ៏ធំប្រចាំនៅខេត្តបាត់ដំបង ក្នុងស្រុកឯកភ្នំ ស្ថិតនៅលើដងស្ទឹងសង្កែ តម្លៃប្រមាណ៤២លានដុល្លារក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េ ដែលនឹងប្រើប្រព័ន្ធបញ្ជាដោយកុំព្យូទ័រ រហូតមកដល់ពេលនេះសម្រេចបានលទ្ធលប្រមាណ៧០ភាគរយហើយ ដែលនឹងគ្រោងបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលដ៏ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ទំនង់ស្ទាក់ទឹកសាលាតាអន កាលពីដើមសប្ដាហ៍នេះថា រហូតមកដល់ពេលជាលទ្ធផលនៃសាងសង់គឺទទួលបានសម្រេចប្រមាណ៧០ភាគរយ ហើយនឹងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមឆ្នាំ២០២១ខាងមុខនេះ។
លោកបានបញ្ជាក់ថា គម្រោងសាងសង់ទំនប់ទឹកដ៏ធំមួយនេះ គឺជាគោលបំណងចម្បងរបស់រដ្ឋាភិបាល ក៏ដូចជាការចង់បានរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបងផងដែរសម្រាប់បម្រើដល់វិស័យកសិកម្មទាំងរដូវប្រាំង និងរដូវវស្សា ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការចូលរួមបង្កើនភាពទាក់ទាញនូវចំនួនទេសចរណ៍ចូលមកកម្សាន្តតំបន់មួយចំនួនទៀតដែលអាស្រ័យផលតាមរយៈទំនប់ទឹកដ៏ធំមួយនេះ”។
គម្រោងមួយនេះត្រូវចំណាយថវិកាចំនួន៤២លានដុល្លារ នឹងត្រូវបញ្ជារដោយប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េតាមរយៈការផ្តល់ហិរញ្ញប្បទានសម្បទាន និងបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោយនឹងបញ្ចប់នៅត្រឹមខែមិថុនា ឆ្នាំ២០២១ខាងមុខ ។ បន្ទាប់បញ្ចប់ការសាងសង់ ទំនប់ស្ទាក់ទឹកមួយនេះអាចមានលទ្ធភាពផ្គត់ផ្គង់ការស្រោចស្រពលើផ្ទៃដីស្រូវរស្សាប្រមាណ ១១០០០ហិកតា និងស្រូវប្រាំងចំនួន៤០០០ហិកតា។
ក្រៅពីសំណង់អាចស្ទាក់ទឹកសាលាតាអនមួយនេះ នៅក្នុងគម្រោងក៏មានការសាងសង់ទ្វារទឹក ប្រឡាយពង្វាងទឹកតាមប្រឡាយ សាងសង់សំណង់ក្បាលហុង ស្ពាន និងសំណង់ចែកចាយទឹកជាច្រើនកន្លែងទៀត៕






