ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មានជាមួយវិស័យឯកជន លើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីជាទុនសម្រាប់បង្កើនលទ្ធភាពក្នុងការស្វែងរកទីផ្សាររបស់ខ្លួនបន្ថែមនៅទីផ្សារប្រទេសកូរ៉េ។

លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចា ដោយមានការចូលរួមពីតំណាងមកពីក្រសួង ស្ថាប័ន ក្រុមហ៊ុននានាក្នុងវិស័យឯកជនពាក់ព័ន្ធនានា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដើម្បីពិគ្រោះយោបល់ ផ្តល់ និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
លោករដ្ឋលេខាធិការបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីប្រមូលធាតុចូល និងសំណូមពរពាក់ព័ន្ធនឹងវិស័យ និងទំនិញសក្តានុពល ដែលកម្ពុជាអាចនាំចេញទៅទីផ្សារកូរ៉េ និងបញ្ហាប្រឈមផ្សេងៗក្នុងការនាំចេញទៅទីផ្សារកូរ៉េនាពេលកន្លងមក សម្រាប់ជាធាតុចូលក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីកូរ៉េ។
ពាក់ព័ន្ធទៅនឹងគម្រោងបង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់ និងទទួលបានចំណែកទីផ្សារពីកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នេះ តាមរយៈលោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានប្រាប់ឱ្យដឹងថា ក្រុមការងារពាណិជ្ជកម្មនៃស្ថានទូតកម្ពុជា ដឹកនាំដោយលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្ម បាននាំយកផលិតផលគំរូរបស់កម្ពុជាមួយចំនួនទៅបង្ហាញដល់ក្រុមហ៊ុនជាដៃគូដែលមានស្រាប់ និងបន្តស្វែងរកកិច្ចសហការថ្មីបន្ថែមទៀត ដើម្បីនាំយកមុខទំនិញ និងផលិតផលកម្ពុជាចូលទីផ្សារប្រទេសកូរ៉េបន្ថែមទៀត ។
លោកបានបន្តថា “ផលិតផល និងមុខទំនិញថ្មីៗដែលកម្ពុជាមានបំណងនាំចូលទីផ្សារកូរ៉េ រួមមាន ស្ករស គ្រាប់ស្វាយចន្ទី និងម្រេច របស់កម្ពុជា ដើម្បីផ្ដល់ជូនក្រុមហ៊ុនបញ្ជាទិញធំមួយរបស់កូរ៉េដែលមានបំណងចង់បន្ដនាំចូល និងចែកចាយលើទីផ្សារកូរ៉េ ខណៈដែលបច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចូលត្រឹមតែជា ផ្លែស្វាយ គល់ស្លឹកគ្រៃ ស្លឹកចេក ត្រយ៉ូងចេក និងរំដេង ។ល៕






