ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានណែនាំឱ្យសមាជិកខ្លួន និងអ្នកបញ្ជាទិញអន្តរជាតិដែលទទួលបានផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)ត្រូវរៀបចំផលិតផលឡើងវិញ បន្ទាប់សហភាពអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធនេះចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះតទៅ។

GMAC បានសរសេរនៅក្នុងសេចក្តីណែនាំចេញផ្សាយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០នេះថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបស្តីពីការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) សម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមួយចំនួនពីកម្ពុជានឹងចូលជាធរមានចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
GMAC ថា ការរៀបចំឡើងវិញនេះ ដើម្បីផ្តល់ភាពច្បាស់លាស់អំពីខ្សែបន្ទាត់ពន្ធលើផលិតផលដែលបាត់អត្ថប្រយោជន៍ EBA និងខ្សែបន្ទាត់ពន្ធលើផលិតផលដែលបន្តទទួលបានអត្ថប្រយោជន៍ពីការមិនយកពន្ធ និងមិនមានកូតាសម្រាប់ការនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
GMAC បញ្ជាក់ថា សេចក្តីសម្រេចរបស់គណៈកម្មការកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមកនេះ បានដកអត្ថប្រយោជន៍សម្រាប់បន្ទាត់ពន្ធសរុបចំនួន ៤០ (ខ្សែបន្ទាត់ពន្ធលើស្ករចំនួន ១ ខ្សែ បន្ទាត់ពន្ធលើផលិតផលធ្វើដំណើរចំនួន ៥ ខ្សែបន្ទាត់ពន្ធលើផលិតផលសម្លៀកបំពាក់ចំនួន ២៥ និងខ្សែបន្ទាត់ពន្ធលើផលិតផលស្បែកជើងចំនួន ៩) នៅកម្រិត៤ និង ៦ខ្ទង់ ដែលជាធរមានចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ ។
GMAC បន្ថែមថា សម្រាប់ខ្សែបន្ទាត់ពន្ធនៅសល់ដទៃទៀតនៅកម្រិត ៦ ខ្ទង់នៅតែទទួលបានអត្ថប្រយោជន៍រួចពន្ធ និងគ្មានកូតាក្រោមកម្មវិធី EBA ដដែលសម្រាប់ការនាំចេញពីកម្ពុជា ។
គណកម្មការសភាពអឺរ៉ុបនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចជាផ្លូវការដកប្រព័ន្ធអនុគ្រោះអន្ធ EBA ពីកម្ពុជា បន្ទាប់ពីទុកពេលឱ្យកម្ពុជាពិចារណាអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ តែយ៉ាងណាក៏សភាពអឺរ៉ុបថ្លែងថា ការសម្រេចមកនេះ មានចំនួនតែ ២០ភាគរយដែលបាននាំទំនិញទៅកាន់ទីផ្សារសហភាពអឺរ៉ុប តែយ៉ាងកម្ពុជានៅតែអាចនាចេញទៅកាន់ទីផ្សារអឺរ៉ុបក្រោមរូបភាពបង់ពន្ធ។
តែសម្រាប់មុខទំនិញចំនួន ៨០ ភាគរយទៀត របស់កម្ពុជាដែលនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនៅតែអាចទទួលបានអនុគ្រោះពន្ធ EBA ដដែល ៕






