ដោយវុត្ថា
ភ្នំពេញ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងក្រសួងទេសចរណ៍ បានចាប់ផ្តើមពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នាចំពោះវិស័យទេសចរណ៍ក្នុងវិបត្តិជំងឺ Covid-19 ខណៈដែលវិស័យទ្រទ្រងសេដ្ឋកិច្ចជាតិមួយនេះ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

កិច្ចពិភាក្សារួមគ្នា ស្តីពីវិធានការជាដំណោះស្រាយចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០នេះ។
គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពការវិវត្តថ្មីៗ និងឥតឈប់ឈរនៃការរីករាលដាលជំងឺកូវីដ១៩ ដែលបាន និងកំពុងបន្តជះឥទ្ធិពលអវិជ្ជមានដល់វិស័យទេសចរណ៍ មិនថាការប្រឈមលើវិស័យទាំងមូល និងការលំបាកនានារបស់ប្រតិបត្តិករក្នុងឧស្សាហកម្មនេះ ។
គណៈកម្មការទី៧ ក្នុងនាមជាសេនាធិការជូនរដ្ឋសភា ដែលទទួលបន្ទុកលើវិស័យទេសចរណ៍ផ្ទាល់ មានការយកចិត្តទុកដាក់ តាមដាន ពិនិត្យលើសកម្មភាពនានាដែលក្រសួងទេសចរណ៍បាន និងកំពុងអនុវត្ត ហើយឈានដល់ការជួបប្រជុំរវាងគណៈកម្មការទី៧ និងក្រសួងទេសចរណ៍ នាព្រឹកថ្ងៃនេះ ដើម្បីពិនិត្យ ពិភាក្សារួមគ្នាអំពីវិធានការជាដំណោះស្រាយចំពោះវិស័យទេសចរណ៍ក្នុងបរិបទកូវីដ១៩ និងក្រោយកូវីដ១៩ ព្រមទាំងការពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍ក្នុងប្រទេសកម្ពុជា។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ច និងរោគរាតត្បាតទូទាំងសកលលោកដោយសារមកពីជំងឺកូវីដ-១៩ បានបង្កការគំរាមកំហែងយ៉ាងខ្លាំងមកលើការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ នៃប្រវត្តិសាស្ត្ររបស់ខ្លួន។
វិស័យបីដែលរងការប៉ះទង្គិចខ្លាំងជាងគេ គឺគឺវិស័យទេសចរណ៍ ឧស្សាហកម្មផលិតសម្រាប់នាំចេញ និងវិស័យសំណង់ មានចំណែកជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃចំនួន ៣៩,៤ភាគរយ នៃការងារសរុប នៅក្នុងឆ្នាំ២០១៩។
ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចរបស់កម្ពុជាទំនងជានឹងថមថយកំណើនខ្លាំងមែនទែនដែលមិនធ្លាប់មានតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយខ្លាំងធ្លាក់រហូតដល់កម្រិតរវាង -១ភាគរយ ក្នុងសេណារីយោគោល និង -២,៩ ភាគរយ ក្នុងសេណារីយោដែលទាបបំផុត។
ភាពក្រីក្រអាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ពិសេសក្នុងចំណោមក្រុមគ្រួសារដែលប្រឡូកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ការទិញលក់ដុំនិងរាយ, វិស័យកាត់ដេរ, ផ្នែកសំណង់, ពាណិជ្ជកម្ម, ឬ ក្នុងឧស្សាហកម្មផលិត ក្នុងករណីបើពួកគាត់បាត់បង់ចំណូលអស់ ៥០ភាគរយ ក្នុងរយៈពេលប្រាំមួយខែជាប់គ្នា៕






