ដោយៈ រ៉ាណេត
ព្រះសីហនុៈស្ពានមួយខ្សែឆ្លងពីតំបន់ឆ្នេរអូរឈើទាល ឆ្ពោះទៅកាន់កោះពស់ដែលវិនិយោគ និងសាងសង់ឡើងដោយក្រុមហ៊ុនឯកជន និងបានបិទចរាចរណ៍ជាច្រើនឆ្នាំមកហើយនោះ គ្រោងនឹងបើកប្រើប្រាស់ឡើងវិញ ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងតំបន់។

រដ្ឋបាលខេត្តព្រះសីហនុ ក្រោមគំនិតផ្តួចផ្តើមដោយលោក គួច ចំរើន អភិបាលខេត្ត បានដាក់លិខិតស្នើដល់ ក្រុមហ៊ុនអភិវឌ្ឍន៍កោះពស់ (កោះពស់ ខេមបូឌា អ៊ិនវេសមិន គ្រុប អិលធីឌី) ស្ដីពីការបើកចរាចរណ៍ជាសាធារណៈ និងបើកឱ្យប្រជាពលរដ្ឋចេញ-ចូល លើស្ពានកោះពស់ ដែលស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីបានបិតដំណើរការអស់រយៈ ពេលជាច្រើនឆ្នាំ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានប្រាប់ភ្នាក់ងារគេហទំព័រ Propertyarea.asia នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះថា ក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែជិតរួចរាល់ ជាស្ថាពរទៅតាមផែនការ និងបានរៀបចំកែលម្អ បើកលំហឆ្នេរសមុទ្រ សម្រាប់ប្រជាពលរដ្ឋបានសម្រាកកម្សាន្ត ដោយសេរី ដែលពីមុននៅតំបន់ឆ្នេរខ្លះបិទបាំង និងហាមឃាត់ការចេញចូលជាសាធារណៈ បច្ចុប្បន្នរដ្ឋបាលខេត្តបានស្នើដល់ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍កោះពស់បើកឱ្យដំណើរការស្ពានកោះពស់ឡើងវិញ។
មន្ត្រីរូបដដែលបានបន្តទៀតថា “ស្ពានកោះពស់បានបិទច្រកទ្វារ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ក៏ដូចជាទេសចរធ្វើដំណើរឆ្លងកាត់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់”។លោកបន្តថា “ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនតំបន់កម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន រដ្ឋបាលខេត្តស្នើឱ្យក្រុមហ៊ុនបើកទ្វារ ដាក់ឱ្យចរាចរណ៍ស្ពានកោះពស់ចាប់ពីថ្ងៃនេះតទៅ”។
ស្ពានកោះពស់មានបណ្តោយប្រវែង៩០០ម៉ែត្រ ទទឹង១២ម៉ែត្រ និងមានកម្ពស់ ៣២,៥ម៉ែត្រពីផ្ទៃទឹកសមុទ្រ តភ្ជាប់ពីតំបន់ឆ្នេរអូរឈើទាល់ទៅកាន់កោះពស់ ដែលបានបើកឱ្យប្រើប្រាស់លើកដំបូងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ ក្រោមទុនសាងសង់ចំនួន២០លានអឺរ៉ូ ស្របតាមកម្រិតគុណភាពស្តង់ដារលេខ១របស់ប្រទេសចិន៕






