ដោយ វុត្ថា
ភ្នំពេញៈ អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់ អាករនេះត្រូវប្រមូលពីការ ប្រកបអាជីវកម្ម និងការនាំចូល។ការប្រកបអាជីវកម្មភាគច្រើនទាក់ទិនទៅនិងការផ្គត់ផ្គង់ទំនិញឬសេវា។
ការប្រកបអាជីវកម្មទាំងនោះ ត្រូវជាប់ អាករលើតម្លៃបន្ថែមប្រសិនបើការផ្គត់ផ្គង់ៈ
– ធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា
– ធ្វើឡើងដោយបុគ្គលជាប់អាករ
– ធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម
– គ្មានការបញ្ជាក់ច្បាស់លាស់ថា មិនជាប់អាករ ឬជាប់អាករតាមអត្រា០%
ការផ្គត់ផ្គង់ ធ្វើឡើងដោយបុគ្គលជាប់អាករ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមិនមែន ជាការផ្គត់ផ្គង់មិន ជាប់អាករហៅថាការផ្គត់ផ្គង់ជាប់អាករ។
បុគ្គលជាប់អាករគឺជា រូបវ័ន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជនឬបុគ្គលណាមួយដែលមាន ផលរបរបានមកពីការផ្គត់ផ្គង់ជាប់អាករ លើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី ត្រូវទៅចុះបញ្ជីអាករលើតម្លៃបន្ថែម។
ការផ្គត់ផ្គង់ត្រូវនៅក្រៅដែនអនុវត្តន៍អាករលើតម្លៃបន្ថែម ប្រសិនបើការផ្គត់ផ្គង់នោះ ធ្វើឡើងដោយបុគ្គល ដែលមិនមែនជាបុគ្គលជាប់អាករ ឬមិនធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម៕