ដោយ វុត្ថា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនចិន China Road and Bridge Corporation ប្រចាំនៅកម្ពុជា បន្តវិនិយោគនូវវិស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសអនុញ្ញាត្តឲ្យលោក Zhou Yong ដែលទើបទទួលការតែងតាំងជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជាជំនួសលោក Zhan Jisheng នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា កិច្ចសហការនិងទំនាក់ទំនងល្អ ជាមួយក្រសួងក៏ដូចជារាជរដ្ឋាភិបាល និងបង្កើនការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត ពិតជាសំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យសំបូរសប្បាយ។
លោក Zhou Yong ដែលទើបទទួលការតែងតាំង ជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជាបានប្តេជ្ញា និងបន្តវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើយ៉ាងណាបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងសាងសង់ទាំងឡាយ សម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក។
លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងផងដែរថា ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀរបស់ចិន ជាក្រុមហ៊ុនធំជាងគេ ដែលទទួលបានគម្រោងសិក្សា និងសាងសងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជា។
លោកបន្តថា “ក្រុមហ៊ុននេះបានទទួលការសិក្សា និងសាងសង់លើគម្រោងផ្លូវជាតិ ផ្លូវល្បឿន ផ្លូវខេត្តធំៗ និង ស្ពាននៅទូទាំងប្រទេស។ តែយ៉ាងណាក៏ក្រុមហ៊ុនទាំងពីរនេះ មិនទទួលបានគម្រោងសាងសង់ផ្លូវដែក កំពង់ផែ និងអាកាសយានដ្ឋាននោះទេ” ។ លោក បន្ថែមទៀតថា “ក្រុមហ៊ុនចិន ដែលទទួលបានគម្រោងសាងសង់នៅកម្ពុជា មានស្ថានភាពលឿន ដោយសារបានសិក្សាពីតម្លៃ និងគម្រោងចំណាយនានាមានភាពច្បាស់លាស់ត្រឹមត្រូវ” ៕