ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន សម្រេចបានជិត៨០០លានដុល្លារក្នុងឆមាសទី១

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ ៧៩១,៦៦ លានដុល្លារទៅកាន់ប្រទេសជប៉ុននៅឆមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ០,២១ ភាគរយបើធៀបនឹង ៧៩៣,៣៨ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យចុងក្រោយពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ប្រទេសកម្ពុជាបាននាំចូលទំនិញពីជប៉ុនមានតម្លៃ ២១៨,៦១ លានដុល្លារក្នុងឆមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ៣៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីមុនដែលមានតម្លៃ ២៥៦លានដុល្លារ។
ប្រទេសទាំងពីរប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបានជាង ២ពាន់លានដុល្លារនៅឆ្នាំនេះ ទោះបីជំងឺCOVID-19 រាតត្បាតកាន់តែធ្ងន់ធ្ងរក៏ដោយ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ថា បើទោះបីមានវិបត្តិCOVID-19 ក៏គម្រោងវិនិយោគរបស់ជប៉ុននៅបន្តដំណើរការនៅកម្ពុជា ព្រោះវិនិយោគិនជប៉ុនបានស្គាល់ច្បាស់ពីកម្ពុជា។

លោកឧកញ៉ាមានប្រសាសន៍ថា កាលពីពេលថ្មីៗ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មជប៉ុន បានជួបគ្នា ដើម្បីពិភាក្សាពីការវិនិយោគនៅកម្ពុជា ក្នុងនោះក្រុមហ៊ុនជប៉ុន បានចាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅកម្ពុជា។
លោក ឧកញ៉ា បានបន្តថា “គម្រោងវិនិយោគជាច្រើនរបស់ជប៉ុននៅកម្ពុជាដូចជា ធនាគារ ផ្សារទំនើប និងមន្ទីពេទ្យ ហើយថែមទាំងមានសមាគមពាណិជ្ជកម្មប្រចាំកម្ពុជា ធ្វើឱ្យវិនិយោគជប៉ុនមានជំនឿចិត្តក្នុងការបោះទុនវិយោគនៅកម្ពុជា”។ លោកឧកញ៉ា បានថ្លែងថា “ការរំពឹងទុកពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងជប៉ុនអាចសម្រេចបានតាមគោលដៅដូចដែលបានរំពឹងទុក”។

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ចន្លោះពីឆ្នាំ ១៩៩៥ ដល់ខែកញ្ញាកាលពីមុនមានគម្រោងវិនិយោគចំនួន ១៤១ របស់ជប៉ុន ដែលមានទឹកប្រាក់វិនិយោគ ២,៥ ពាន់លានដុល្លារនៅកម្ពុជា។
ក្នុងចំណោមគម្រោងវិនិយោគទាំងអស់នោះ គម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារ។

ទិន្នន័យបានបង្ហាញថា គម្រោងភាគច្រើនវិនិយោគលើវិស័យថាមពល ការតម្លើងគ្រឿងអេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ អាហារបដិសណ្ឋារកិច្ច សុខភាព និងផ្នែកលក់រាយ។

ទិន្នន័យរបស់ Jetro បង្ហាញថា ការនាំចេញរបស់កម្ពុជាទៅជប៉ុនបានកើនឡើងដល់ ១,៧ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៧,៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here