ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហោ ណាំហុង បានជម្រុញដល់រដ្ឋាភិបាលអូស្ត្រាលី បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាបន្ថែមទៀត ខណៈពាណិជ្ជកម្មនៃប្រទេសទាំងពីរ នៅមានកម្រិត និងមិនសមស្រប ទៅនឹងសក្ដានុពល ដោយនៅឆ្នាំ២០១៩ មានត្រឹមតែ២៤៩លានដុល្លារអាមេរិកប៉ុណ្ណោះ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ម្សិលមិញនេះ បានស្នើឲ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីមានសកម្ម និងមានទំហំធំជាងនេះ។
លោកឧបនាយករដ្ឋមន្ត្រីក៏អំពាវនាវឲ្យសហគ្រាសអូស្ដ្រាលីដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស លើវិស័យកសិកម្ម និងទេសចរណ៍ក្រោយពីជំងឺ Covid-19 បានស្ងប់ស្ងាត់ទៅនាពេលខាងមុខមុខនេះផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ទំនាក់ទំនងការទូតកម្ពុជា-អូស្ដ្រាលីបានភ្ជាប់តាំងពីឆ្នាំ១៩៥២ គឺមុនកម្ពុជាទទួលបានឯករាជ្យពីបារាំង។ លោក ហោ ណាំហុងបន្តថា តាំងពីនោះមកអូស្ដ្រាលីតែងតែបានផ្ដល់ជំនួយមកកម្ពុជាជារៀងរាល់ឆ្នាំព្រមទាំងផ្ដល់អាហារូបករណ៍ឲ្យនិស្សិត និងមន្ត្រីកម្ពុជាទៅសិក្សា និងកម្មសិក្សានៅអូស្ដ្រាលី។

ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានឱ្យដឹងថា អូស្រ្ដាលីបានផ្ដល់ជំនួយដល់ក្រសួងសុខាភិបាលនូវសម្ភារៈ និងរថយន្ដពេទ្យ ដើម្បីទប់ស្កាត់នឹងជំងឺ Covid-19 និងបានថ្លែងសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនក្រីក្រ កម្មករ និងកម្មការិនី។
ឆ្លើយតបទៅនឹងការស្នើរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង លោក Pablo Kang ឱ្យដឹងថា អូស្ត្រលីចង់ជំរុញការវិនិយោគលើវិស័យថាមពល និងការនាំយកអង្ករក្រអូបកម្ពុជាទៅអូស្ដ្រាលី ខណៈកម្ពុជាមានសក្តានុពលចំពោះវិស័យកសិកម្ម៕







