ដោយ ៖ រ៉ាណេត
សៀមរាប ៖ សម្រាប់ព្រឹកថ្ងៃដំបូងនៃឱកាសឈប់សម្រាករយៈពេលវែង ក្រោមការអនុញ្ញាតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាសងជំនួសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្រាប់តែខេត្តសៀមរាបមានចំណូលទេសចររាប់ពាន់នាក់ ស្របពេលដែលអាជ្ញាធរ បានរៀបចំតុបតែងលម្អនៅតាមតំបន់កម្សាន្តជាច្រើននៅទូទាំងខេត្ត។
ក្រសួងទេសចរណ៍បានប្រកាសនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះថា តំបន់កម្សាន្តនានានៅទូទាំងខេត្តសៀមរាប ជាពិសេសតំបន់អង្គរបានចាប់ផ្ដើមដំណើរការបើកទទួលភ្ញៀវទេសចរជាផ្លូវការហើយ។
តាមរយៈបណ្តាញផ្សព្វផ្សាយជាផ្លូវាររបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅព្រឹកនេះ មានភ្ញៀវទេសចរជាតិច្រើនកុះករបានទៅទស្សនា និងកម្សាន្តនៅតំបន់អង្គរវត្ត។
ជាមួយនឹងកំណើននៃចំនួនទេសចរយ៉ាងសន្ធឹកសន្ធាប់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ក្រសួងបានដាក់ឱ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន៧ប្រភេទសេវាកម្ម សំដៅធានាការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផង និងផ្តល់សេវាកម្មដល់ទេសចរជាតិ និងទេសចរបរទេស ដែលនឹងទៅទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព គុណភាព តម្លៃសមរម្យ មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ក្នុងនោះត្រូវអនុវត្តឱ្យបានមុឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងសំអាតដៃ និងរក្សាគម្លាតសង្គម។
ក្នុងនាមក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណដល់ភ្ញៀវទេសចរទាំងអស់គ្នាដែលបានអនុវត្តន៍ និងចូលរួមដើម្បីការពារសុវត្ថិភាពទេសចរណ៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងថ្ងៃឈប់សម្រាករយៈពេលនេះ។ សូមជូនពរភ្ញៀវទេសចរជាតិ ទេសចរបរទេសទាំងអស់ មានសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងទស្សនាសម្រាកកម្សាន្តប្រកបដោយភាពដប្បាយរីករាយ៕