ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានតម្លៃ១៥៨លានដុល្លារ ក្រោមហិរញ្ញប្បទានឥតសំណង់ពីរដ្ឋាភិបាលចិន នៅលើផ្ទៃដីទំហំជាង១៦ហិកតា ត្រូវបានមន្ត្រីជំនាញអះអាងថា ការសាងសង់មានភាពរលូនស្របតាមផែនការ ដែលរហូតពេលនេះជាលទ្ធផលសម្រេចបានជាង៨០ភាគរយ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍នេះថា មកទល់ពេលនេះ ដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានជាង៨០ ភាគរយហើយ ហើយការសាងសង់គ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែមីនាឆ្នាំ២០២១។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា “ដោយសារការរាតត្បាតនៃជំងឺ COVID-19 បានធ្វើឱ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវអូសបន្លាយរហូតដល់ខែមីនា ឆ្នាំ២០២១ ខណៈពីដំបូងគណៈកម្មការវាយតម្លៃថា ការសាងសង់នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២០នេះ។ លោកបន្តថា “កីឡដ្ឋានមួយនេះត្រូវបានសាងសង់គ្រោងរួចរាល់១០០ភាគរយហើយ នៅសល់តែការបំពាក់សម្ភារមួយចំនួន ដូចជាកៅអី ដំបូល អំពូល ភ្លើង និងការធ្វើទីលានខាងក្នុងតែប៉ុណ្ណោះ”។
ពហុកីឡដ្ឋានដ៏ទំនើបនេះជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនសាងសង់លើផ្ទៃដីជាង១៦ហិកតា ដោយគ្រោងចំណាយថវិកា១៥៨លានដុល្លារ ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។

សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលដំណាក់កាលទី១ មានដូចជា មជ្ឈមណ្ឌលអាងហែលទឹក មជ្ឈមណ្ឌលកីឡា ក្នុងសាល , ទីលានបាល់បោះ , និង អគារស្នាក់នៅរបស់អត្តពលិក ជាពិសេសសម្រាប់ត្រៀមបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (Sea Games) លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។
សម្រាប់តែកៅអីអង្គុយបេតុង នៅក្នុងពហុកីឡដ្ឋានជាតិដ៏ទំនើបនេះ មានទម្ងន់ធ្ងន់ជាងគេរហូតដល់ទៅ ៩.៧៤តោន ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងបំពាក់ជាមួយប្រព័ន្ធ QR Code ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃកៅអី ពោលគឺដើម្បីត្រួតពិនិត្យគុណភាពបេតុងកៅអីនេះ ដូចជា ភាពស្មើក្នុងការលើកដាក់ជាដើម។ ក្នុងនោះដែរ កៅអីបេតុងចំនួន៤៦២៤ដុំ កាំជណ្តើរចំនួន ២៣៩២កាំ បង្កាន់ដៃចំនួន១៩២ សរុបចំនួន ៧.២០៨ដុំ៕









