ដោយៈរ៉ាណេត
ភ្នំពេញ៖ កម្ពុជាជប៉ុនកំពុងស្វែងរកយន្តការ ឬកិច្ចសម្របសម្រួលជាពិសេសណាមួយដើម្បីបង្កលក្ខណៈងាយស្រួលនៃការធ្វើដំណើរចេញ-ចូលទៅវិញទៅមក រវាងប្រទេសទាំងពីរ សម្រាប់ធុរជន និងប្រជាជនដោយរៀបចំឲ្យមានជាច្រកចេញ-ចូលរហ័សនិ ងយន្តការបណ្តោះអាសន្នសម្រាប់ការឆ្លងដែន និងស្នាក់នៅរបស់ធុរជន។

ក្នុងជំនួបពិភាក្សាការងាររវាងលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃចុងសប្ដាហ៍កន្លងទៅភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងបរិការណ៍ ដែលពិភពលោកកំពុងជួបប្រទះនូវការរីករាលដាលនៃវីរុសកូវីដ និងការចូលរួមកាត់បន្ថយនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យរួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងដើម្បីត្រៀមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដល់សកម្មភាពសហប្រតិបត្តិការនានា។
ភាគីទាំងពីរបានពិភាក្សាស្វែងរកយន្តការ ឬកិច្ចសម្របសម្រួលជាពិសេសណាមួយដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរចេញ-ចូលទៅវិញទៅមកសម្រាប់ធុរជន និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងនោះក៏បានពិភាក្សាលើលក្ខខណ្ឌសម្រាប់ធុរជន និងប្រជាជនដែលមានលំនៅដ្ឋាន ដោយរៀបចំឲ្យមានជាច្រកចេញ-ចូលរហ័ស (FastLane) និងយន្តការបណ្តោះអាសន្នសម្រាប់ការឆ្លងដែន និងស្នាក់នៅរបស់ធុរជនរវាងកម្ពុជា-ជប៉ុននៃប្រទេសទាំងពីរជាដើម។
លោក Masahiro MIKAMI បានសន្យាថារដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយបច្ចេកទេសហិរញ្ញប្បទានឥតសំណងបន្ថែមសម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ និងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ–១៩ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលជប៉ុនដែលបានជ្រើសរើសកម្ពុជាជាប្រទេសអាទិភាពមួយក្នុងការរៀបយន្តការចេញ-ចូលរហ័សសម្រាប់ប្រជាជននៃប្រទេសទាំងពីរស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ–១៩ នេះ ៕






