ដោយៈ រ៉ាណេត
ភ្នំពេញៈ ផលិតផលកសិផលរបស់កម្ពុជា ដែលបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅត្រឹមដើមឆមាសទី២ ឆ្នាំ២០២០នេះមានចំនួនជាង៦០មុខ ស្មើនឹងប្រមាណជិត៥លានតោន។

យោងតាមរបាយការណ៍ ដែលបង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា គិតត្រឹមដើមឆមាសទី២ ឆ្នាំ២០២០កន្លងទៅនេះ ការនាំចេញផលិតផលកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៃប្រទេសចំនួន៥៩ មានចំនួនជាង៦០មុខ ស្មើនឹង៤.៨តោនមានការកើនឡើងខ្ពស់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានត្រឹម៣,៤លានតោនតែប៉ុណ្ណោះ។
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងិន ឆាយ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា កំណើននៃបរិមាណនាំចេញនេះ ជាកត្តាឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្ម នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា “ផលិតផលកសិកម្មកម្ពុជា៦១មុខនេះ ត្រូវបានចែកជា២ក្រុម ទី១ក្រុមផលិតផល ដែលមិនជាប់កម្រិតកំណត់ការនាំចេញទំនិញពីកម្ពុជា ទៅកាន់ប្រទេសឬដែនដី ដែលធ្លាប់បាននាំចេញរួចហើយ ការនាំចូលផលិតផលទាំងនេះ តម្រូវឱ្យមានវិញ្ញាបនបត្រភូតគាមអនាម័យ ដើម្បីធានាអះអាងអំពីការបំពេញ អនុលោមភាពទៅតាមល្ខខណ្ឌតម្រូវ។
ក្រុមទី២ គឺជាប្រភេទផលិតផលដែលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផលដែលមានកម្រិតហានិភ័យខ្ពស់ (ទំនិញដែលមានសក្តានុពលហានិភ័យ សមាសភាពចង្រៃខ្ពស់ដូចជាផលិតផលបន្លែ ផ្លែឈើស្រស់ មើម និងបណ្ដាទំនិញដទៃទៀតដែលចាត់ក្នុងកម្រិតហានិភ័យនៃស្ដង់ដារភូតគាមអនាម័យអន្ដរជាតិលេខ៣២ (ISPM 32) ក្នុងក្រុមទី៣ និងទី៤ស្ដីពី ចំណាត់ថ្នាក់ទំនិញអាស្រ័យ លើកម្រិតហានិភ័យបង្កឡើងដោយសមាសភាពចង្រៃ)” ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីស្ថានភាពនៃការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ស្ថិតក្នុងនិន្នាការកើនឡើងជាលំដាប់ ហើយមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ដែលនៅឆ្នាំ២០១៤ ការនាំចេញផលិតផលកសិកម្ម សម្រេចបានចំនួនប្រមាណជាង ៣,៤៤លានតោន និងបានកើនរហូតដល់ជាង៤,៨លានតោន គិតត្រឹមរយៈពេលត្រីមាសទី១នៃឆ្នាំ២០២០ ៕






