ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ផ្តើមចេញពីកិច្ចទំនាក់ទំនងល្អក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនជប៉ុនចំនួន ៣៨៨ កំពុងមានប្រតិបត្តិការអាជីវកម្មលើគ្រប់វិស័យស្របពេលដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បានបន្តសម្រេចបានប្រមាណ២៣០លានដុល្លារ។

តាមរយៈសំណេររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ដែលមកកាន់កម្ពុជាក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ថ្ងៃនេះខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្រោយពីខ្ញុំបានទទួលដំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ កន្លងមកនេះ ខ្ញុំធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានលើករួចមកហើយ ហើយអ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាននោះ គឺសម្រស់ថ្ងៃលិចមើលពីប្រាសាទអង្គរវត្ត។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ខ្ញុំបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចផងដែរ។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។

ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន២.៣ដង កើនពី១០០លានដុល្លាអាមេរិករហូត ដល់២៣០លានដុល្លាអាមេរិក។ ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។
លោកបានបន្តឱ្យដឹងថា ប្រទេសជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិជួយដល់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩។ ចំពោះប្រទេសកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម) នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ៕






