ដោយ ៖ វុត្ថា
ភ្នំពេញ ៖ តម្រូវការប្រើប្រាស់អគ្កិសនីនៅកម្ពុជាក្នុងរយៈពេល៦ខែ ឆ្នាំ ២០២០ នេះ មានការថយមកនៅត្រឹម ៣៣ លានគីឡូវ៉ាត់ម៉ោងដោយសារតែសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត KTV បានបិទអាជីវកម្មបណ្តោះអាសន្ន បណ្តាលមកពីការព្រួយបារម្ភពីការឆ្លងជំងឺ Covid-19 ។
យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញកាលពីពេលថ្មីនេះថា ការប្រើប្រាស់អគ្គិសនីនៅកម្ពុជា ចាប់តាំងពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២០ នេះ មានត្រឹមតែ ៣៣ លានគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ដែលចំនួនទាំងអស់នេះជាការបង្ហាញពីការធ្លាក់គួរឱ្យកត់សម្គាល់។
ក្រសួងពន្យល់ថា ការធ្លាក់ចុះនៃការប្រើប្រាស់អគ្គិសនីនេះ បណ្តាលមកពីការផ្អាកអាជីវកម្មរោងចក្រ សហគ្រាស និងគ្រឹះស្ថានអាជីវកម្មជាច្រើននៅក្នុងប្រទេស រួមជាមួយនឹងការបាត់បង់ភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍ដែលធ្វើឱ្យសណ្ឋាគារ ផ្ទះសំណាក់មិនប្រើប្រាស់ថាមពល។
របាយការណ៍ដដែលបានបន្តថា សម្រាប់តែខែមិថុនា ឆ្នាំ២០២០ នេះ ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាក៏បានធ្លាក់ចុះមកត្រឹម១៧០០ មេហ្គាវ៉ាត់ ធៀបនឹងរយៈពេលដូចគ្នានេះ ឆ្នាំ២០១៩ មានដល់ ១៩០០ មេហ្គាវ៉ាត់។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាពល ធ្លាប់បានអះអាងថា សម្រាប់ឆ្នាំ ២០២០ នេះ តទៅ ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា គឺមិនមានការខ្វះខាត និងដាច់ចរន្តដូចឆ្នាំកន្លងទៅទៀតនោះទេ ព្រោះរដ្ឋាភិបាលបានវិនិយោគលើរោងចក្រផលិតអគ្គិសនីជាច្រើនទីតាំង និងបានដាក់ឱ្យប្រើប្រាស់ផងដែរ៕






