មេដឹកនាំ​ចិន និង​តំបន់​មេគង្គ​នឹង​ផ្តោតលើ​ភាពជា​ដៃគូ និង​វិបុលភាព​សំរាប់​តំបន់

0

ដោយ ហ្សូ​លី

ភ្នំពេញៈ មេដឹកនាំ​ចិន និង​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ នឹង​បើក​កិច្ចប្រជុំ​លើក​ទី៣សំរាប់​តំបន់​មេគង្គ ឡាន​ឆាង​នា​ព្រឹក​ថ្ងៃទី២៤ សីហា​នេះ​ដោយ​ផ្តោត​សំខាន់​លើ​ភាពជា​ដៃគូ និង​វិបុលភាព​រួម។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ-ឡាន​ឆាង (3rd Mekong-Lancang Cooperation Summit) ដែល​នឹង​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ Video Conference ក្នុង​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំ​កំពូល​មេគង្គ-ឡាង​ឆាង​លើក​ទី៣នេះ ប្រទេស​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ដែលមាន​វត្តមាន លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ និង​លោក​លី ឃឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ។

ប្រទេស​ជា​សមាជិក​នៃ​ឡាន​ឆាង មេគង្គ​មាន៦ប្រទេស ដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង​ប្រទេស​ចិន។

កិច្ចប្រជុំ​តាម​ប្រព័ន្ធ Video Conference នៅ​ព្រឹក​នេះ នឹងធ្វើ​ឡើង​ក្រោម​មូលបទ «ពង្រឹង​ភាពជា​ដៃគូ ដើម្បី​វិបុលភាព​រួម» ។

ថ្នាក់ដឹកនាំ​ទាំងអស់​នឹង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព ដែល​សម្រេចបាន​ស្របតាម​ទិសដៅ​នៃ​សេចក្ដីថ្លែងការណ៍​សាន់​យ៉ា​ឆ្នាំ២០១៦ សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​ឆ្នាំ២០១៨ និង​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល៥ឆ្នាំ​ស្តីពី កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង (២០១៨-២០២២) កំណត់​ទិសដៅ​អនាគត សម្រាប់​ការពង្រីក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​បន្ថែម​នូវ​ទំនុកចិត្ត​ទៅវិញទៅមក ក៏ដូចជា​ការពង្រឹង​ភាពជា​ដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ-ឡាន​ឆាង។

ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​មេគង្គ-ឡាន​ឆាង នឹង​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រួម របស់​បណ្តា​ប្រទេស​មេគង្គ-ឡាន​ឆាង ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ដោះស្រាយ​ជំងឺ​រាតត្បាត​ជាស​កល Covid-19 និង​ការលើកកម្ពស់​ការស្តារ​សេដ្ឋកិច្ច-សង្គម ក្រោយ​ជំងឺ Covid-19 ។

កិច្ចប្រជុំ​កំពូល​នេះ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​សន្តិភាព​ប្រកបដោយ​និរន្ត​ភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង នៅ​តំបន់​មេគង្គ-ឡាន​ឆាង ក៏ដូចជា​ការលើកកម្ពស់​សន្តិ​សហ​វិជ្ជមាន ក្នុងចំណោម​បណ្តា​ប្រទេស​មេគង្គ-ឡាន​ឆាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here