ដោយៈ រ៉ាណេត
ភ្នំពេញៈ គ្រប់ការប្រកបអាជីវកម្ម និងមុខជំនួញនានា ម្ចាស់ដើមទុនតែងរំពឹងទទួលបានចំណូលពីការវិនិយោគទាំងអស់ ប៉ុន្តែភាពជោគជ័យ ទាំងនោះមិនអាចទទួលគ្រប់គ្នានោះទេ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ បានចែករំលែកនូវចំណេះដឹងខ្លះៗពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម ដែលអាចទទួលបានភាពជោគជ័យ ក្រោមការអនុវត្តនូវវិធីដូចខាងក្រោម។
លោកង៉ែត ជូ បានលើកទស្សនបុគ្គលជោគជ័យមួយចំនួនមកពន្យល់ថា អ្នកវិនិយោគជោគជ័យអាមេរិក លោក Ray Dalio អ្នកគ្រប់គ្រងក្រុមហ៊ុនមូលនិធិវិនិយោគ ដែលមានទ្រព្យសកម្មសរុបជាង ១៦០ពាន់លានដុល្លា។ លោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង១៨ពាន់លានដុល្លារ ដែលស្មើនឹងជាង ៦០%នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា។
ខាងក្រោមនេះជាមេរៀនល្អៗ ដែលលោកបានចែករំលែកដល់សហគ្រិនវ័យក្មេង
១) ចាប់ផ្តើមវិនិយោគនៅវ័យក្មេងៈ លោកវិនិយោគលើផ្សារហ៊ុន តាំងពីលោកមានអាយុ១២ឆ្នាំ។
២) កសាងសមត្ថភាពតាមរយៈការរៀន និងសុំយោបល់ពីអ្នកដទៃៈ លោកតែងសុំការណែនាំពីអ្នកជំនាញ នៅពេលលោកអានរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនដែលលោកវិនិយោគ។ លោកក៏បានបញ្ចប់ការសិក្សា ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យHarvard University ផងដែរ។
៣) មានភាពអំណត់ និងចេះសន្សំប្រាក់ដើម្បីវិនិយោគៈ កាលលោកអាយុ១២ឆ្នាំ លោកធ្វើការជាកម្មករ នៅក្លឹបវាយកូនគោល លក់កាសែត និងស៊ីឈ្នួលកាត់ស្មៅសន្សំប្រាក់បាន៣០០ដុល្លារ រួចចាប់ផ្តើមវិនិយោគលើផ្សារហ៊ុនដំបូង។
៤) គិតវិជ្ជមាន និងរៀនពីភាពបរាជ័យៈ ទស្សនៈរបស់លោកគឺ ការចេះឆ្លុះបញ្ចាំងពីការឈឺចាប់ ជាបច្ច័យនាំអោយលោកទទួលបានភាពរីកចំរើន (Pain + Reflection = Progress) ៕