សម្ដេចតេជោ ហ៊ុន សែន ៖ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចសម្រាប់អនុតំបន់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកនូវការអនុវត្តគោលនយោបាយខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង គឺជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចសម្រាប់អនុតំបន់ និងជំរុញឱ្យមានការពន្លឿនការរៀបចំ និងសម្រេចឱ្យបាននៅក្នុងពេលដ៏ខ្លី។

នៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៣ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យការងាររបស់លោកនាយករដ្ឋមន្ត្រី លី កឺឈាង និងគាំទ្រនូវសំណើរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស៧យអាទិភាពចំនួន៤។

វិស័យអាទិភាពចំនួន៤ ដែលសម្ដេចបានលើកឡើងរួមមានទី១-ការតភ្ជាប់តាមរយៈការកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង និងការជំរុញសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្ម តាមដី-សមុទ្រអន្តរជាតិថ្មី។ ទី២- កិច្ចសហប្រតិបត្តិការធនធានទឹក។ ទី៣-ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម និងបរិស្ថាន។ ទី៤- ការលើកកម្ពស់សុខភាពសាធារណៈតាមរយៈការបង្កើតឡើងនូវសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ក្នុងបរិការណ៍នៃកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់របស់យើងគឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ យើងត្រូវខិតខំពន្លឿនការរៀបចំ និងការសម្រេចឱ្យបាននូវខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសម្រាប់អនុតំបន់យើង”។

សម្ដេចបានមានប្រសាសន៍បន្តថា “ការលើកម្ពស់នូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម នឹងជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មឆ្លង់កាត់ព្រំដែន និងពង្រឹងការធ្វើសមាហរណកម្មខ្សែច្រវាត់ផ្គត់ផ្គង់នៃអនុតំបន់របស់យើងចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងរយៈពេលវែងនៃអនុតំបន់របស់យើងផងដែរ។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រនូវវិធានការទាំងឡាយដែលមានចែងនៅក្នុងសេចក្ដីផ្លែងការណ៍រួមរបស់សហប្រធាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here