ដោយ ៖ រ៉ាណេត
បន្ទាយមានជ័យ ៖ ក្រោយការទទួលបានសេចក្ដីសម្រេច និងការអនុញ្ញាតពីរាជរដ្ឋភិបាល ខេត្តបន្ទាយមានជ័យ នឹងមានស្ថានីយផលិតថាមពលអគ្គិសនីកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ មានអនុភាព ៣០មេហ្គាវ៉ាត់ ដែលគ្រោងនឹងដាក់ដំណើរការប្រើប្រាស់នៅត្រឹមអំឡុងខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីជួយកាត់បន្ថយការទិញអគ្គិសនីពីប្រទេសថៃ។

តាមរយៈសេចក្ដីប្រកាសរបស់រដ្ឋាភិបាលនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ក្រុមហ៊ុន RAY POWER SUPPLY CO., LTD នឹងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីខាងនិងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៣៩,៨លានដុល្លារអាមេរិក។
ជាមួយនឹងគម្រោងនៃការបង្កើតស្ថានីយផលិតថាមពលអគ្គិសនីខាងលើនេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា “បច្ចុប្បន្ន បរិមាណថាមពលសម្រាប់ប្រើប្រាស់នៅទូទាំងខេត្តបន្ទាយមានជ័យគឺមានរហូតដល់១០០មេហ្គាវ៉ាត់ ដែលមានការផ្គត់ផ្គង់២ប្រភពផ្សេងគ្នា គឺប្រភពក្នុងស្រុក (បណ្តាញជាតិ) និងប្រភពពីប្រទេសថៃ ដែលមានអាជ្ញាប័ណ្ណអគ្គិសនីចំនួន២៣ ផ្គត់ផ្គង់ចំនួន ៦៤៥ភូមិ ស្មើនឹងប្រមាណ៩៨ភាគរយនៅទូទាំងខេត្ត”។
លោកអភិបាលខេត្តបានបន្តទៀតថា “ជាមួយនឹងការបើកដំណើរការប្រើប្រាស់ និងផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់រោងចក្រផលិតថាមពលកើតឡើងវិញនេះ ក្រុមហ៊ុននឹងលក់ទៅឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ដើម្បីធ្វើការចែកចាយនៅក្នុងតំបន់តាមរយៈសេវាកររបស់ខ្លួនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងស្ថិតនៅក្នុងលក្ខខណ្ឌនៃច្បាប់ដែលបានកំណត់”។
បច្ចុប្បន្ននេះ នៅក្នុងបរិមាណថាមពលអគ្គិសនីដែលមានតម្រូវការនៅក្នុងខេត្តបន្ទាយមានជ័យសរុបប្រមាណ១០០មេហ្គាវ៉ាត់ បានចែកចាយទៅដល់អតិថិជនគោលដៅដែលកំពុងប្រើប្រាស់មានចំនួន ១៣៧ ៧៣៩ គ្រួសារ ក្នុងចំណោម ១៩១ ៧២៣គ្រួសារសរុបនៅទូទាំងខេត្ត ស្មើនឹងប្រមាណ ៧២ភាគរយ៕







