ដោយៈ រ៉ាណេត
ភ្នំពេញៈ បញ្ហាប្រឈមនានា ដែលកើតមានតាមច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម និងប្រទេសថៃ ត្រូវបានលើកយកមកប្រជុំពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ ពិនិត្យមើលពីផែនការសកម្មភាពទាំង៧៨ ដែលរៀបចំឡើងដោយក្រុមការងារចំពោះកិច្ច ប្រមូលធាតុចូលបន្ថែម សំដៅឱ្យផែនការសកម្មភាពនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើងពីគម្រោងសាងសង់ គម្រោងពង្រីក និងការលើកកម្ពស់គុណភាព ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញនិងលើកកម្ពស់ វិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់។
លោកបានបញ្ជាក់ថា “ក្រសួងបាន និងកំពុងធ្វើការជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យរថយន្តដឹកទំនិញ ធ្វើចរាចរណ៍តាមច្រកទ្វារស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានធ្វើការជាមួយភាគីវៀតណាម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅព្រំដែនបាវិត-ម៉ុកបៃផងដែរ” ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជំរុញលើកទឹកចិត្ត ឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិយោបល់ ក្នុងការប្រែក្លាយវិស័យភស្ដុភារកម្មកម្ពុជា ឱ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញ របស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីថៃ-កម្ពុជា-វៀតណាម និងពីវៀតណាម-កម្ពុជា-ថៃ៕