ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន KTIS មានគោលបំណងវិនិយោគលើការបង្កើតរោងចក្រផលិតសារធាតុអេតាណុល និងស្រាវីស្គីនៅកម្ពុជា ខណៈក្រុមហ៊ុន CP ALL បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគបង្កើតរោងចក្រកែឆ្នៃម្ហូបអាហារ ដើម្បីដាក់លក់នៅតាមសាខាហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលទិញផលិតផលខ្មែរ ដើម្បីយកមកដាក់លក់នៅក្នុងប្រទេសថៃ។

ការបង្ហាញបំណងវិនិយោគនៅកម្ពុជា ត្រូវបានធ្វើឡើង អំឡុងពេលលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានដឹកនាំមន្ត្រីការទូត ចុះធ្វើទស្សនកិច្ចសិក្សា កាលពីពេលថ្មីៗនេះ នៅសហគ្រាស KTIS Group ដែលជាក្រុមហ៊ុនកសិឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសថៃ ដើម្បីស្វែងយល់អំពីការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មស្ករស និងសារធាតុអេតាណុលដែលចម្រាញ់ចេញពីដើមអំពៅ។
ដំណើរទស្សនកិច្ចសិក្សានេះ ក៏មានការចូលរួមពីលោក ប៉ាផាន់ សេរីវិរិយ:កុល (Parphan Siriviriyakul) នាយកប្រតិបត្តិក្រុមហ៊ុន KTIS Group និងលោក ករសាក់ ឆៃរស្មីសាក់ (Korsak Chairasmisak) អគ្គនាយកក្រុមហ៊ុន CP ALL Public Company Limited រួមជាមួយទីប្រឹក្សា និងសហការីប្រមាណជាង ១០រូប ផងដែរ។
នៅក្នុងឱកាសនោះ លោក អ៊ូក សោភ័ណ បានជម្រាបជូនអង្គពិធីអំពីយុទ្ធសាស្ត្រថៃបូកមួយ (Thai Plus-One) និងបានស្នើតំណាងក្រុមហ៊ុនសាជីវកម្មយក្សទាំងពីរ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ៤០ ធ្វើការពង្រីកប្រតិបត្តិការធុរកិច្ចនៅកាន់ប្រទេសកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីតំបន់សេដ្ឋកិច្ចពិសេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា-ចិន ដែលនឹងត្រូវចុះហត្ថលេខានៅក្នុងឆ្នាំនេះ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា “តំណាងក្រុមហ៊ុន KTIS បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើការបង្កើតរោងចក្រផលិតសារធាតុអេតាណុល និងស្រាវីស្គីនៅកម្ពុជា ចំណែកឯតំណាងក្រុមហ៊ុន CP ALL បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគបង្កើតរោងចក្រកែឆ្នៃម្ហូបអាហារ ដើម្បីដាក់លក់នៅតាមសាខាហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា ព្រមទាំងទទួលទិញផលិតផលខ្មែរ ដើម្បីយកមកដាក់លក់នៅក្នុងប្រទេសថៃវិញផងដែរ”៕






