ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកស្នើសុំហោះហើរទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោកឡើងវិញ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកបានស្នើសុំរដ្ឋាភិបាលកម្ពុជា ហោះហើរទៅកាន់គោលដៅរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសតំបន់អាស៊ាន និងពិភពលោក បន្ទាប់ពីផ្អាកការហោះហើរចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺ Covid-19 កន្លងមកនេះ។

សំណើរបស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកទាំង៥ នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងា និង សម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីល្ងាចថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះ។

ក្នុងជំនួបកិច្ចប្រជុំតំណាងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៥ បានលើកយកបញ្ហាប្រឈមនានា ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្នើសុំឱ្យមានការហោះហើរជាបណ្តើរៗតាមដែលអាចធ្វើបាន ក្នុងបណ្តាប្រទេសអាស៊ាន មករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់ឱ្យដឹងថា តាមសំណើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ រដ្ឋាភិបាលេខាធិការអាកាសចរណ៍ស៊ីវិលនឹងពិនិត្យឡើងវិញ និងដាក់សំណើរទៅកាន់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដើម្បីពិនិត្យនឹងសម្រេចទៅលើការសម្រួលនិតិវិធីមូយចំនួន។

លោកបន្តថា តំណាងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក នៅក្នុងជំនួបកាលពីម្សិលមិញនេះ បានពិភាក្សាគ្នាលើការស្វែងរកនិតិវិធីដើម្បីបង្កឱ្យមានភាពងាយស្រួយក្នុងការហោះហើរកាន់តែមានភាពល្អប្រសើរ និងគោរពឱ្យបាននូវវិធានការការពារនៃការឆ្លងជំងឺកូវី១៩ ។

លោកពន្យល់ថា និតិវិធីរបស់យើងមានការលំបាកបន្តិច ដែលតម្រូវឱ្យមានការត្រួតពិនិត្យទៅលើអ្នកបើកបរយន្តហោះ និងអ្នកបំរើតាមយន្តហោះ ដែលបណ្តាប្រទេសមួយចំនួន មិនមានតម្រូវការបែបនេះ ខណៈដែលខាងក្រុមហ៊ុនអាកាសចរណ៍គេមានវិធានការការពារពីការឆ្លងជំងឺកូវីដ ១៩គ្រប់គ្រាន់។

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងស្រុកក៏ដូចក្រុមហ៊ុនអាកាសចរណ៍នានាទទួលរងនូវផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ ១៩ ផងដែរ តែរហូតមកដល់ពេលនេះ មិនមានក្រុមហ៊ុនណាមួយប្រកាសពីក្ស័យធននោះទេ ខណៈមានការជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here