ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងមន្ត្រីតំណាងសភាពាណិជ្ជកម្មកម្ពុជា បាន និងកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបខាងកើតដែលមានសមាជិកចំនួន៥ប្រទេស ដើម្បីបង្កើនកិច្ចទំនាក់ទំនង និងពង្រីកវិស័យពាណិជ្ជកម្ម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលកម្ពុជា បាន និងកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី៣ នៃក្រុមការងាររួមកម្ពុជា-គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលគ្រោងនឹងប្រារព្ធធ្វើនៅខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “តាមរយៈកិច្ចប្រជុំនេះ កម្ពុជាអាចនឹងទទួលបានផលចំណេញច្រើន ដែលក្រៅពីបង្កើនកិច្ចទំនាក់ទំនង បង្ហាញពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា ថែមទាំងអាចបង្កើនទំហំពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី”។ លោកឧកញ៉ាបន្តថា “បច្ចុប្បន្ននេះមានប្រទេសមិនតិចជាង១០នោះទេ ដែលព្យាយាមភ្ជាប់កិច្ចទំនាកទំនងជាគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីខាងកើត ដែលផ្តួចផ្តើមបង្កើតឡើងដោយសហព័ន្ធរុស្សី មានសមាជិកចំនួន៥ប្រទេស និងមានចំណែកទីផ្សារជាង១០០លានអ្នក”។
ជាមួយនឹងការរៀបចំកិច្ចប្រជុំខាងលើនេះ កម្ពុជាអាចឆក់យកឱកាសនេះដើម្បីបង្កើនភាពទាក់ទាញក្នុងការវិនិយោគក្រោមការបង្ហាញពីគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ជាពិសេសការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន រួមជាមួយនឹងការឈានទៅរកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េ និងប្រទេសឥណ្ឌាផងដែរ៕






