អ្នកជំនាញ៖ វិស័យដីធ្លី និងលំនៅឋាន នាពេលបច្ចុប្បន្ននៅតែមានសក្តានុពល

0

ដោយវុត្ថា

ភ្នំពេញ ៖ នៅក្នុងចំណោមផ្នែកវិស័យអចលទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជា អ្នកជំនាញបានមើលឃើញ វិស័យអចលនទ្រព្យផ្នែកចំនួន ២ គឺ វិស័យដីធ្លី និងលំនៅឋាន នៅតែមានសក្តានុពលខ្ពស់ និងទទួលបានផលចំណេញ។

លោក គាម សៀកឡុង ក្រុមហ៊ុន Century 21 Dream Property បានពន្យល់ប្រាប់គេហទំព័រ propertyarea.asia ថា ការវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ប្រភេទនៅកម្ពុជា អាស្រ័យទៅលើលំហូសាច់ប្រាក់របស់អ្នកវិនិយោគ អ្នកខ្លះវិនិយោគលើ ខុនដូ អាផាតមិន និងអគារការិយាល័យជាដើម តែក្នុងចំណោមនេះ ការវិនិយោគលើវិស័យដីធ្លី និងលំនៅឋាននាពេលបច្ចុប្បន្ននៅតែមានសក្តានុពល។

លោកបន្តថា “នាពេលបច្ចុប្បន្ននេះ ការវិនិយោគលើវិស័យលំនៅឋាន និងដីធ្លីនៅតែពេញនិយមខ្លាំងពីសំណាក់អ្នកវិនិយោគ តែសម្រាប់វិស័យខុនដូ គឺហាក់ដូចជានៅកម្រិតយឺតជាង ដែលទាមទារពេលវេលាយូរបន្ថែមទៀត”។

លោកបន្ថែមថា “សម្រាប់តម្រូវការដីលំនៅឋាន បាននឹងកំពុងងាកទៅកាន់ជាយក្រុងកាន់តែឆ្ងាយទៅៗ ដែលធ្វើឱ្យមានការលំបាកក្នុងការធ្វើដំណើរចួលមកកាន់ទីក្រុង ខណៈការរស់នៅខុនដូមានភាពងាយស្រួល និងមានភាពស៊ីវិល័យព្រោះមានទាំងអាងហែលទឹក ក្លឹបហាត់ប្រាណ ផ្សារទំនើប និងអគារការិយាល័យជាដើម”។

លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា សម្រាប់ទីផ្សារដីធ្លី និងលំនៅឋាននាពេលពេលបច្ចុប្បន្ននេះ ត្រូវបានទទួលស្គាល់ថា មានការធ្លាក់ចុះបន្តិច ប៉ុន្តែសកម្មភាពទិញលក់នៅក្នុងទីផ្សារនៅតែបន្តមាន។

លោកបន្តថា “ជាក់ស្តែងនៅក្នុងរយៈពេល ៣ ខែចុងក្រោយនេះ កំណើននៃការ ទិញលក់ បានងាកមករកស្ថានភាពល្អប្រសើរឡើងបន្តិចម្តងៗ ហើយខ្ញុំជឿថា យ៉ាងយូនៅចុងឆ្នាំ ២០២០ នេះ ឬ ដើមឆ្នាំ ២០២១ វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញ ខណៈដែលការសិក្សាថ្មីៗនៃគម្រោងមួយចំនួនក៏បានង្ហាញពីតម្រុយចូលមកកាន់កម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here