កម្ពុជាស្នើកូរ៉េបង្កើតទីផ្សារបោះដុំកសិផលនៅរាជធានីភ្នំពេញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កម្ពុជាបានស្នើសុំឱ្យរដ្ឋាភិបាលកូរ៉េជួយបង្កើតទីផ្សារបោះដុំផលិតផលកសិផលនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដែលមានសក្ដានុពលមួយចំនួន ដើម្បីជួយជំរុញ និងលើកកម្ពស់នៃការធ្វើពិពិធកម្មវិស័យកសិកម្មនៅកម្ពុជា។

រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានស្នើដល់លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ជួយបង្កើតទីផ្សារបោះដុំកសិផលជាពិសេសបន្លែ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពល។

តាមរយៈលោកឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ក្នុងរយៈពេលកន្លងមក។ ជំនួយដ៏មានតម្លៃនេះ ពិតជាបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ដែលបានស្តែងចេញ ជាលទ្ធផលយ៉ាងជាក់ច្បាស់ ដូចយើងបានឃើញនាពេលបច្ចុប្បន្ន។

ជាក់ស្តែងគម្រោងចំនួន៣៦ បាននិងកំពុងអនុវត្ត និងមួយចំនួនត្រូវបានបញ្ចប់ ការបណ្តុះបណ្តាលធនធានមនុស្ស គម្រោងជួយលើកកំពស់ផលិតភាពផលិតកម្ម និងពូជដំឡូងបារាំង នៅខេត្តមណ្ឌលគីរី ដែលសហការអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម គម្រោងបង្កាត់ពូជពោត នៅស្ថានីយបន្ទាយដែក សហការអនុវត្ត ដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងជំរុញផលិតកម្មបន្លែនៅខេត្តមណ្ឌលគីរី អគារអន្តេវាសិកដ្ឋានថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង -ល-។

បច្ចុប្បន្ននេះ ផលិតផលកសិផលរបស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េមានចំនួន ១៨ប្រភេទ ហើយនៅមាន២មុខទៀត ដែលអគ្គនាយកដ្ឋានកសិកម្មកំពុងដាក់ពាក្យស្នើសុំ។

លោក Park Heung-kyeong បានមានប្រសាសន៍ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះក្នុងអាណត្តិរបស់លោក នឹងបន្តសហការ និងគាំទ្រនូវរាល់សកម្ម ភាពគម្រោងនានា ដែលបាននិងកំពុងអនុវត្តឲ្យដំណើរការទៅដោយរលូន និងសម្រេចទទួលបានជោគជ័យ និងជាពិសេសពិនិត្យពិចារណា លើគម្រោងថ្មីៗ ដែលជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ។

លោកបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ និងធ្វើការពិនិត្យលម្អិត ដើម្បីផ្តល់ការគាំទ្រជាជំហានៗ តាមការចាំបាច់ ក្នុងបំណងចូលរួមអភិវឌ្ឍវិស័យនេះ ឱ្យមានការរីកចម្រើនសមស្រប តាមបរិបទនៃការប្រកួតប្រជែងទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។
កសិផលកម្ពុជាទាំង១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន៖ គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here