ដោយ ៖ ប៊ី
ភ្នំពេញ ៖ ក្រុមហ៊ុន KrisEnergy បានប្រកាសថា ការសាងសង់ផ្លាតហ្វម ក្បាលអណ្ដូង ផលិតកម្ម (Mini-Platform) សម្រាប់ការអភិវឌ្ឍអណ្តូងប្រេងកាតអប្សរាក្នុងប្លុក A ស្ថិតនៅដែនសមុទ្រកម្ពុជា ត្រូវបានបានបញ្ចប់ហើយ ខណៈនេះជាការជោគជ័យដ៏សំខាន់មួយរបស់ក្រុមហ៊ុន ដើម្បីឈានទៅដល់ការទាញយកប្រេងនាពេលខាងមុខ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅក្នុងសប្តាស៍នេះបានបញ្ជាក់ថា ផ្នែកខាងលើ និងជើងទម្រផ្លាតហ្វម ខ្នាតតូចនេះ កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ដែនទឹកនៃប្រទេសកម្ពុជា ដែលស្ថិតក្នុងឈូងសមុទ្រថៃ ដើម្បីធ្វើការតម្លើង។ ការលើកដាក់ និងការដឹកចេញផ្លាតហ្វម ខ្នាតតូចនេះ បានបញ្ចាប់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ។
ការកសាងផ្លាតហ្វមខ្នាតតូចសម្រាប់ការអភិវឌ្ឍអណ្ដូងប្រេងកាតដំបូងគេបង្អស់របស់ប្រទេសកម្ពុជា បានចាប់ផ្ដើមកាលពីដើមខែធ្នូ ឆ្នាំ២០១៩ នៅឯរោងចក្រមួយនៅកោះបាតាម (Batam Island) ប្រទេសឥណ្ឌូនេស៊ី ។
នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន KrisEnergy ប្រចាំកម្ពុជា លោក Kelvin Tang បានថ្លែងថា “គិតចាប់ពីការរៀបចំកាត់ដែកដំបូងរហូតដល់ការដឹកចេញ ផ្លាតហ្វមខ្នាតតូចនេះ គឺមានរយៈពេល ៩ខែ ហើយសមិទ្ធផលនេះ រឹតតែវិសេសវិសាលថែមទៀត បើទោះបីជាមានការលំបាក និងបំរាមនានា ដែលក្រុមការងាររបស់យើង និងសហការីនៅឯ NOV Profab បានប្រឈមមុខតាំងពីដើមឆ្នាំ២០២០ ដោយសារតែជំងឺCOVID-19”។
លោកបានថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែងដ៍ធំធេងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ ដែលបានជំនះរាល់ឧបសគ្គ ផ្នែកភស្តុភារទាំងទ្បាយ ធ្វើយ៉ាងណាដើម្បីរក្សាការប្រគល់នូវឧបករណ៍ និងសម្ភារនានា ពីគ្រប់ទីកន្លែងលើសកលលោកមកឱ្យរោងចក្រនៅ Batam បានទាន់ពេលវេលា តាមកាលកំណត់ ដើម្បីឈានទៅរកគោលដៅនៃការផលិតប្រេងអប្សរាដំបូងឱ្យបានមុនដំណាច់ឆ្នាំនេះ”។

លោក Kim Lamb នាយកគ្រប់គ្រងក្រុមហ៊ុន NOV Profab បានថ្លែងថា “យើងខ្ញុំរីករាយក្នុងការរួមចំណែកដ៏សំខាន់នៅក្នុងគម្រោងដំបូងមួយនេះ សម្រាប់ប្រទេសកម្ពុជា។ ទាំងក្រុមការងាររបស់ក្រុមហ៊ុន NOV និងក្រុមហ៊ុន KrisEnergy សុទ្ធតែបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់វិធីសាស្ត្រធ្វើការរួមគ្នា ជាក្រុមដ៏ពេញលេញ ដើម្បីផលិតផ្លាតហ្វម ដែលមានគុណភាពមួយ ហើយនេះជាសក្ខីភាពពិតនៃការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធទាំងអស់”។
លោកបានបន្តថា “យើងទន្ទឹងរង់ចាំធ្វើការជាមួយក្រុមហ៊ុន KrisEnergy សាជាថ្មីម្តងទៀតនៅថ្ងៃខាងមុខនេះ”។
ដំណាក់កាលអភិវឌ្ឍន៍ Mini Phase 1A នេះ រួមមាន ផ្លាតហ្វមខ្នាតតូច និងអណ្តូងប្រេងអភិវឌ្ឍដំបូងចំនួន៥ ដែលនឹងត្រូវបានភ្ជាប់ទៅកាន់នាវាផលិតកម្ម Ingenium II សម្រាប់ដំណើរការប្រព្រឹត្តិកម្មប្រេង ឧស្ម័ន និងទឹក។ ដំណាក់កាលអភិវឌ្ឍន៍ Mini Phase 1A ត្រូវបានរំពឹងទុកថា នឹងឈានដល់អត្រា ផលិតកម្មខ្ពស់បំផុត ៧.៥០០ បារ៉ែលក្នុង១ថ្ងៃ៕






