ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានធ្វើការលើកទឹកចិត្ត និងជំរុញដល់បណ្តាវិស្វករជំនាន់ក្រោយរបស់កម្ពុជា ត្រូវបង្កើនសមត្ថភាពឱ្យស្របតាមគោលការណ៍ស្ដងដារ ដើម្បីក្លាយជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម ជាមួយបណ្តាទីផ្សារអាស៊ាន និងពិភពលោក។

រដ្ឋមន្ត្រីក្រសួងការងារ បណ្តះបណ្តាល និងវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅក្នុងកិច្ចប្រជុំពាក់កណ្តាលអាណត្តិក្រុមប្រឹក្សាភិបាលនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន (AFEO) លើកទី១៩ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌ ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា វិស្វករត្រូវតែចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ជាមួយវិស្វករដទៃទៀត ជាពិសេសវិស្វករអាស៊ាន និងវិស្វករពិភពលោក ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួនទាំងទ្រឹស្ដី និងការអនុវត្ត ដោយសង្ឃឹមថា វិស្វករនៃបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដូចពេលប្រជុំ AFEO Mid-Term នាពេលនេះ ឬក៏សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន(CAFEO) តាមប្រទេសនីមួយៗ នឹងមានឱកាសធ្វើការជាមួយគ្នា ក្នុងការលើកកម្ពស់សមត្ថភាព ក៏ដូចជាការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនបាននូវភាពសុខដុមរមនា ក្នុងតំបន់ជាលក្ខណៈមហាគ្រួសារតែមួយ។
នៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រីក្រសួងការងារបានស្នើដល់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន បន្តវប្បធម៌ចែករំលែកបទពិសោធន៍ដ៏ប្រពៃនេះ ដើម្បីជំរុញឱ្យវិស្វករនៅក្នុងតំបន់មានសមត្ថភាពទៅតាមស្ដង់ដារអន្តរជាតិ និងអាចដើរទាន់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ នៃបណ្ដាប្រទេសជឿនលឿនក្នុងសកលលោក។ តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងសមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នឹងក្លាយជាកម្លាំងចលករ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសក្ដានុពលក្នុងការជំរុញឱ្យវិស័យសេវាវិស្វកម្មនៅក្នុងតំបន់បោះជំហានទៅមុខ ប្រកបដោយភាពជោគជ័យ។
ក្នុងនាមជាប្រធានក្រុមប្រឹក្សានៃគណៈវិស្វករកម្ពុជា លោក អ៊ិត សំហេង បានលើកទឹកចិត្តដល់យុវវិស្វករអាស៊ានអំពីការគិតគូរដល់ការបង្កើតសហគ្រិនភាព ការផ្តល់បរិយាកាសឱ្យបានសមស្របដើម្បីអត្ថប្រយោជន៍ វិបុលភាពសេដ្ឋកិច្ច និងសង្គម និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់យុវវិស្វករដែលមានស្នាដៃឆ្នើម ដើម្បីទទួលបានវិញ្ញាបនបត្រ និងមេដាយកិត្តិយសសម្រាប់ការប្រកួតប្រជែងប្រចាំឆ្នាំរបស់យុវវិស្វករអាស៊ាន។
គណៈវិស្វករកម្ពុជា ជាអាជ្ញាធរវិស្វកម្មជាតិដែលមានកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការ AFEO និងគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ាន (ACPECC)។ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានចំនួន២លើករួចមកហើយ៖ លើកទី១ CAFEO-20 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០០២ ក្រោមប្រធានបទ “ វិស្វកម្មសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសជាសមាជិកអាស៊ាន” ។ លើកទី២ CAFEO-30 ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦-១៩ ខែធ្នូ ឆ្នាំ២០១២ ក្រោមប្រធានបទស្តីពី “ អត្ថប្រយោជន៍នៃសមាហរណកម្មសេវាវិស្វកម្ម សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលមានការអភិវឌ្ឍតិចតួច ” ។
សន្និសីទទាំងពីរលើកកន្លងមក និងកិច្ចប្រជុំក្នុងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ដែលចូលរួមពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព មានចក្ខុវិស័យឆ្ពោះទៅតាមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (ASEAN ECONOMIC COMMUNITY BLUEPRINT 2025) និងជាចក្ខុវិស័យដើម្បីបង្កើតឱ្យមានការយល់ដឹងលក្ខណៈស៊ីជម្រៅ អំពីអត្ថប្រយោជន៍នៃការធ្វើសមាហរណកម្មសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន៕






