ហេតុផល ៣យ៉ាងជម្រុញឱ្យប្រជាជនកម្ពុជាសម្រុកទិញលំនៅដ្ឋានច្រើនជាងគេអំឡុង Covid-19

0

ដោយ ហ្សូលី

ភ្នំពេញ៖ វិស័យលំនៅដ្ឋាននៅទូរទាំងប្រទេសកម្ពុជា កំពុងទទួលបានគាំទ្រនិងមានការចាប់អារម្មណ៍ច្រើនជាងគេ បើប្រៀបធៀបជាមួយប្រភេទអចលនទ្រព្យដទៃ ទោះបីជាពិភពលោក រួមទាំងកម្ពុជាកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចសកលក្តី។

អ្នកជំនាញអចលនទ្រព្យជាតិ-អន្តរជាតិ បានបង្ហើបឱ្យដឹងថា អតិថិជននិងអ្នកវិនិយោគច្រើនតែសំដៅទៅរកប្រភេទលំនៅដ្ឋានព្រោះតែក្រុមហ៊ុនអភិវឌ្ឍមានភាពច្បាស់លាស់ សម្បូរអតិថិជនក្នុងដៃស្រាប់ និងមិនងាយប្រឈមហានិភ័យខ្ពស់។

មូលហេតុសំខានៗចំនួន៣យ៉ាងដែលបណ្តាលឱ្យអ្នកវិនិយោគនិងអ្នកទិញអចលនទ្រព្យសម្រេចចិត្តទិញលំនៅដ្ឋានមានដូចជា៖

ងាយស្រួលក្នុងការបង្វិលប្រាក់
កត្តានេះសង្កេតឃើញថា នៅកម្ពុជាពោរពេញទៅដោយក្រុមហ៊ុនអភិវឌ្ឍជាច្រើនដែលផ្តល់ជូនអតិថិជនជាមួយលក្ខខណ្ឌងាយស្រួល មិនរឹតបន្តឹង និងមិនស្មុគស្មាញ។ លើសពីនេះ ក្រុមហ៊ុនអភិវឌ្ឍមួយចំនួនសន្យាថានឹងមានការបង្វិលទិញមកវិញទៀតផង ប្រសិនអ្នកវិនិយោគលក់មិនចេញ។ ក្រៅពីនេះ អាចដាក់ជួលដើម្បីរកប្រាក់កម្រៃមកវិញ ដែលមានន័យថា លំហូរសាច់ប្រាក់ក្នុងការវិនិយោគលើវិស័យនេះនឹងហូរឥតឈប់ឈរមិនជាប់គាំង។

តម្លៃពោរពេញដោយសក្តានុពលខ្ពស់ពេលលក់ចេញវិញ
ក្នុងន័យនេះ នរណាៗក៏បានជ្រាបច្បាស់ដេរថាទីផ្សារលំនៅដ្ឋានក្នុងប្រទេសកម្ពុជាមិនដែលធ្លាក់ថ្លៃឡើយ ផ្ទុយទៅវិញមានតែកើនឡើងជាលំដាប់ គ្រាន់តែតិចឬច្រើនអាស្រ័យទៅលើទីតាំង និងស្ថានភាពសេដ្ឋកិច្ចតែប៉ុណ្ណោះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Land Station លោក កាង សុធី ធ្លាប់បានលើកឡើងថា ស្ថិតក្នុងដំណាក់វិបត្តិសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតនេះ ការអភិវឌ្ឍគម្រោងលំនៅដ្ឋានក៏កើនឡើងស្របពេលដំណាលគ្នាដែរ ដែលបានធ្វើឱ្យកំណើនលំនៅដ្ឋានថ្មីមានការកើនឡើងច្រើន។ ទោះជាចំនួនលំនៅដ្ឋានថ្មីកើនឡើងច្រើន តែតម្លៃមិនមានការធ្លាក់ចុះនោះឡើយ។

ជាជម្រើសនិងការសម្រេចចិត្តដ៏ឆ្លាតវៃ
វាជាឱកាសដ៏ល្អសម្រាប់អ្នកដែលមានធនធានស្រាប់ ខណៈពេលដែលក្រុមហ៊ុនអភិវឌ្ឍមានការផ្តល់ជូនតម្លៃពិសេស ទាំងអត្រាការប្រាក់ ការបញ្ចុះតម្លៃ និងការថែមជូនផ្សេងៗ។ យុទ្ធសាស្រ្តឈ្នះៗទាំងក្រុមហ៊ុនដែលចង់ឱ្យមានចរន្តលក់ចេញ និងអតិថិជនដែលប្រាថ្នាចង់បានលំនៅដ្ឋានមានតម្លៃទាប និងសម្លឹងឃើញពីផលចំណេញរយៈពេលវែងទៅមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here