ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់សម្ភារៈពេទ្យ រួមនឹងឧបករណ៍បច្ចេកទេសកូរ៉េ ត្រៀមរើទីតាំងមកកាន់កម្ពុជា

0

ដោយ ៖ រ៉ាណេត

កូរ៉េ ៖ ក្រុមហ៊ុនធំៗរបស់កូរ៉េមួយចំនួនដែលកំពុងមានដំណើរការផលិត និងផ្គត់ផ្គង់សម្ភារៈពេទ្យ ព្រមទាំងគ្រឿងបច្ចេកទេសនៅក្នុងប្រទេសកូរ៉េ បានបង្ហាញពីគោលដៅវិនិយោគ និងត្រៀមរើទីតាំងរោងចក្ររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ បានឱ្យដឹងតាមរយៈប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិកនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា មួយរយៈពេលចុងក្រោយនេះ មានបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ដែលក្រៅពីបង្កើនកិច្ចទំនាក់ទំនងជាដៃគូក្នុងការទទួលយកផលិតផលរបស់កម្ពុជាទៅចែកចាយនៅលើទីផ្សារ ថែមទាំងមានបំណងរើទីតាំងរោងចក្ររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាថែមទៀតផង ជាពិសេសក្រោយពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា “ជាមួយនឹងសកម្មភាពការទូតសេដ្ឋកិច្ចរបស់ស្ថានទូតយើង ក្រុមហ៊ុនកូរ៉េមួយដែលបាន និងកំពុងផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់, ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត បានត្រៀមខ្លួនលើករោងចក្ររបស់ខ្លួនទៅតាំងនៅប្រទេសកម្ពុជា ហើយនឹងត្រៀមធ្វើការស្រាវជ្រាវផលិតបរិក្ខាពេទ្យថ្មីៗបន្ថែមទៀត ដើម្បីជាការប្រកួតប្រជែងជាមួយនឹងផលិតផលពីបណ្តាប្រទេសនៅអឺរ៉ុប”។

លោកបានបន្តថា “នេះនឹងមិនគ្រាន់តែជាឱកាសក្នុងការផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដល់ប្រទេសយើងផងដែរ។ ក្រុមហ៊ុននឹងត្រៀមចេញទៅប្រទេសកម្ពុជាដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត ដោយស្ថានទូតនឹងរៀបចំឱ្យស្ថាប័នជាតិពាក់ព័ន្ធផ្ដល់នូវកិច្ចសហការផ្សេងៗ”។

ប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងលេចឡើងជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកូរ៉េ។ ការនាំចេញរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើង ៥,៥ ភាគរយ ឬ ៦៩៦ លានដុល្លារកាលពីឆ្នាំមុន ខណៈការនាំចូលពីប្រទេសកម្ពុជាកើន ៦,៨ ភាគរយ ដោយក្នុងនោះ ផ្នែកវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ជាមុខជំនួញសំខាន់ៗ។

ថ្មីៗនេះ រដ្ឋាភិបាលកូរ៉េបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាដែលជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពល និងជាសមាជិកអាស៊ានបានប្រកាសកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧ ភាគរយចាប់តាំងពីឆ្នាំ២០១១ រហូតមក ខណៈពេលដែលប្រទេសកូរ៉េមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ជាមួយអាស៊ានវា បាន និងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងគ្នាជាមួយប្រទេសជាសមាជិកដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here