ឯកអគ្គរដ្ឋទូតចិនៈកម្ពុជា ចិនបានបង្កើតកិច្ចសហប្រតិបត្តិការគំរូសម្រាប់ សហគមន៍អន្តរជាតិ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអះអាង និងបញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលកម្ពុជានិងចិន បានបង្កើនចំណងមិត្តភាពយ៉ាងស្អិតល្មួត ព្រម​ទាំងបានបង្កើតកិច្ចស​ហប្រតិបត្តិការ យ៉ាងស៊ីជម្រៅរួមគ្នា រហូតបង្កើតបានជាគំរូសម្រា​ប់សហគមន៍អន្តរជាតិ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានមានប្រសាសន៍នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសCOVID-19នេះមក ប្រទេសទាំងពីរ (ចិន និងកម្ពុជា)បានជួយយកអាសារគ្នាទៅវិញទៅមក និងបានជម្នះរាល់ឧបសគ្គជាមួយគ្នា បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នឹងជំងឺវីរុស សម្រាប់សហគមន៍អន្តរជាតិ ហើយចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរនេះ ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀតបន្ទាប់ពីឆ្លងកាត់ការលំបាកទាំងនេះ។

លោកបានបង្ហាញថា“ជំងឺវីរុសគ្មានព្រំដែន វាជាបញ្ហាប្រឈមជាទូទៅមួយសម្រាប់មនុស្សជាតិទាំងឡាយ។ នៅចំពោះមុខការផ្ទុះឡើងភ្លាមៗ របស់ជំងឺវីរុសមួយនេះ ការសិក្សាពីគ្នា និងជួយគ្នាទៅវិញទៅមក គឺជាអត្ថន័យដែលមាននៅក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះ សម្រាប់កិច្ចសហប្រតិបត្តិការសហគមន៍អន្តរជាតិ”។ លោកបន្តថា“ការសហការសាមគ្គីគ្នារវាងប្រទេសទាំងពីរ ក្នុងដំណើរកិច្ចទប់ស្កាត់នឹងជំងឺវីរុស គឺជាសក្ខីភាពដ៏ល្អប្រសើរបំផុត សម្រាប់សហគមន៍ជោគវាសនារួម និងការរួមសុខទុក្ខលើក្បូនតែមួយ របស់មនុស្សជាតិទាំងឡាយ”។

លោកបានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី១ នៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាព កសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។ភាគីចិនរីករាយបន្តខិតខំប្រឹងប្រែងជាមួយភាគីកម្ពុជា ដើម្បីសម្របសម្រួលជំរុញកិច្ចការពារសម្រា​ប់ជំងឺវីរុសមួយនេះ និងដំណើរការសាជាថ្មីនៃសកម្មភាពផលិតកម្ម បន្តអនុវត្តផែនការសក​ម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ដើម្បីទទួលបានការអភិវឌ្ឍន៍កាន់តែធំនិងកាន់តែឆាប់រហ័សក្នុងយុគសម័យថ្មីនេះ។

ថ្មីៗនេះកម្ពុជាទើបតែបញ្ចប់កិច្ចចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) និងរង់ចាំពេលវេលាចុះហត្ថលេខា នាពេលខាងមុខនេះ ខណៈដែលកិច្ចព្រមព្រៀងនេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធនាំចូលដោយស្វ័យប្រវត្តិ ហើយនោះ ចលនានៃចរន្តវិនិយោគដីធ្លី និងលំនៅឋាននៅក្នុងប្រទេសកម្ពុជា ក៏នឹងទទួលបានផលប្រយោជន៍ជាច្រើនផងដែរតាមរយៈការជួល និងទិញវិនិយោគបង្កើតរោងចក្រ សហគ្រា​សនានាដល់បណ្តាក្រុមហ៊ុន និងវិនិយោគិននៅក្នុងប្រទេសកម្ពុជា ដែលមានគោលដៅនាំយកផលិតផលរបស់ខ្លួនឆ្ពោះទៅកាន់ទីផ្សារចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here