ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ភាគច្រើននៅតាមបណ្តាផ្សារទំនើបនានាដែលកំពុងដាក់ដំណើរការនៅទូទាំងប្រទេសកម្ពុជាបានផ្តោតសំខាន់ទៅលើការនាំចូល និងផ្គត់ផ្គង់សម្ភារៈ និងផលិតផលដែលមានកេរ្តិ៍ឈ្មោះល្បីៗមកពីបរទេស ដោយស្ទើរតែគ្មានប្រភេទផលិតផលសម្គាល់ពីអត្តសញ្ញាណរបស់កម្ពុជានោះទេ។

អ្នកជំនាញនៅក្នុងវិស័យទីផ្សារទំនើប លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះថា និន្នាការនៃការវិនិយោគលើផ្នែកទីផ្សារទំនើប និងកំពុងដំណើរការនៅកម្ពុជា អាចមានការរៀបចំបន្ថែមនូវយុទ្ធសាស្ត្រនៃការផ្គត់ផ្គង់របស់ខ្លួនជាមួយនឹងប្រភេទផលិតផលថ្មីដែលផលិតនៅក្នុងប្រទេសកម្ពុជា និងសម្គាល់ពីអត្តសញ្ញាណនៃវប្បធម៌របស់កម្ពុជា។
លោកស្រីបានបញ្ជាក់ថា “កាលពីប៉ុន្មានឆ្នាំមុន ហេតុផលដែលបណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍កកត់សម្គាល់ធ្ងន់ទៅលើការនាំចូល និងផ្គត់ផ្គង់នូវផលិតផលដែលនាំចូលពីបរទេស ព្រោះតែភាគច្រើនអ្នកដែលនិយមចូលទៅកាន់ផ្សារទំនើប ក្រៅពីចង់ផ្លាស់ប្ដូររសនិយមនៃសង្គម គឺមានជំនឿទៅលើគុណភាពនៃផលិតផលនាំចូលទាំងនោះ ខណៈដែលគុណភាពនៃផលិតផលក្នុងស្រុកហាក់មិនសូវមានទំនុកចិត្ត”។
លោកស្រីបានបន្តថា “បច្ចុប្បន្ន ប្រទេសកម្ពុជាបានអភិវឌ្ឍន៍ និងរីកចម្រើនជាងមុន ទាំងចំណេះដឹងរបស់ប្រជាពលរដ្ឋ រីកចម្រើនទាំងសេដ្ឋកិច្ច ហើយបានពង្រឹងនូវគុណភាពផលិតផលស្របតាមស្ដងដារជាច្រើនដើម្បីអាចប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ ស្របពេលដែលកំណើនទេសចរបរទេសកាន់តែច្រើនចូលមកកម្ពុជា ក្រៅពីដាក់តាំងលក់នូវផលិតផល និងសម្ភារៈប្រើប្រាស់នាំចូលពីក្រៅស្រុកនោះ និន្នាការថ្មីនៃការបន្ថែមយុទ្ធសាស្ត្រផ្គត់ផ្គង់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលដែលសម្គាល់ពីអត្តសញ្ញាណ និងវប្បធម៌របស់កម្ពុជាសម្រាប់ទេសចរអន្តរជាតិគឺជាតម្រូវការចាំបាច់”៕






