ដោយ ៖ ហ្សូលី
បាងកក ៖ រដ្ឋាភិបាលថៃបញ្ចេញថវិកាប្រមាណ ១០០០លានដុល្លារ ប្តូរមុខមាត់អតីតរដ្ឋធានីក្រុងអយុធ្យា ខាងជើងទីក្រុងបាងកក ឱ្យក្លាយជាមជ្ឈមណ្ឌលរថភ្លើងល្បឿនលឿន។

គម្រោងនេះភ្ជាប់ខ្សែរថភ្លើងល្បឿនលឿននៅក្នុងប្រទេស ហើយនឹងត្រៀមស្ថាបនានៅភាគខាងជើងប្រទេស ក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រុញការអភិវឌ្ឍសម្រាប់ខេត្តអយុធ្យា។
នាយកការិយាល័យដឹកជញ្ជូន ច្បាប់ចរាចរណ៍ និងផែនការ លោក Roengsak Thongsom បានមានប្រសាសន៍ថា អយុធ្យាគឺជាទីក្រុងមួយក្នុងចំនោមទីក្រុងចំនួន៣ផ្សេងទៀត ដែលត្រូវបានជ្រើសរើសសម្រាប់ការអភិវឌ្ឍគម្រោងវិស័យដឹកជញ្ជូន។
លោកបន្តថា ផែនការនេះនឹងអនុញ្ញាតដោយផ្អែកលើមូលដ្ឋានក្នុងភាពជាដៃគូឯកជន-សាធារណៈ ហើយត្រូវអភិវឌ្ឍន៍ចែកចេញជា ៤ដំណាក់កាល។
ដំណាក់កាលទី ១ ចន្លោះឆ្នាំ ២០២១ និងឆ្នាំ២០២២ នឹងស្ថាបនាបន្ថែមនូវខ្សែទី២ ពីលើផ្លូវដែលមានស្រាប់ និងសាងសង់ស្ថានីយ៍រថភ្លើងល្បឿនលឿន។

ចំនែកឯដំណាក់កាលទី ២ អយុធ្យានឹងមានការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម រួមមានផ្សារទំនើប ការិយាល័យ សណ្ឋាគារ មជ្ឈមណ្ឌលសន្និបាត និងគម្រោងខុនដូ ក្នុងចន្លោះឆ្នាំ ២០២៣ និង ២០២៧។ សម្រាប់ដំណាក់កាលចុងក្រោយវិញ នឹងដំណើរការក្នុងចន្លោះឆ្នាំ ២០២៨ និង ២០៣២ ដែលរដ្ឋាភិបាលនឹងធ្វើឱ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍បូកផ្សំជាមួយគម្រោងសណ្ឋាគារ និងអាផាតមិនជួល។ ពិសេស ធ្វើឱ្យតំបន់នេះក្លាយជាមូលដ្ឋាន និងពង្រីកបណ្តុំលំនៅដ្ឋានជុំវិញតំបន់។
គម្រោងនេះនឹងជួយឱ្យខេត្តអយុធ្យាក្លាយជាតំបន់ពោរពេញដោយការអភិវឌ្ឍមានសក្តានុពលជាមួយនឹងប្រព័ន្ធដឹកជញ្ជូនទំនើប តំបន់បៃតង ផ្លូវថ្មើរជើង និងផ្លូវសម្រាប់កង់ជាដើម៕






