ដោយ ហ្សូលី
ពោធិ៍សាត់៖ រោងចក្រផលិតម៉ាស និងស្រោមដៃពេទ្យ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងដាក់ឱ្យដំណើរការនៅក្នុងអំឡុងចុងខែតុលា ឆ្នាំ ២០២០ឆាប់ៗនេះ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងក្រៅស្រុក ការពារការសាយភាយនៃជំងឺ Covid-19។

បើតាមឱ្យដឹងពីអភិបាលស្រុកក្រគរ លោក លីវ សេងហ៊ីម បានមានប្រសាសន៍នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០នេះថា ក្រុមហ៊ុនមួយដែលបណ្តាក់ទុនវិនិយោគរោងចក្រផលិតម៉ាស និងស្រោមដៃ ស្ថិតក្នុងស្រុកក្រគរនេះ នឹងបើកដំណើរការឆាប់ៗគឺនៅចុងខែតុលា ឆ្នាំ ២០២០។
លោកអភិបាលបន្តថា រោងចក្រនេះកំពុងត្រូវការកម្លាំងពលកម្មចំនួនជាង ៣០០០នាក់ សម្រាប់ដំណើរការខ្សែសង្វាក់ផលិតកម្មនូវផលិតផល ម៉ាស និងស្រោមដៃ ដើម្បីគាំទ្រទៅតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
សម្តេចតេជោធ្លាប់បានស្នើដល់បណ្តារោងចក្រ សហគ្រាសមួយចំនួនដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា ឱ្យចូលរួមផលិតម៉ាស ដល់ប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់គ្រប់ៗគ្នា ខណៈតម្លៃម៉ាសនាំចូលមានតម្លៃខ្ពស់ និងពិបាកក្នុងការស្វែងរកទិញ។

ការរីកចំរើនរបស់ខេត្តពោធិ៍សាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលសំដៅដល់ការជួយលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
គិតមកទល់ឆ្នាំ ២០២០នេះ នៅក្នុងខេត្តពោធិសាត់ទាំងមូល មានអាជីកម្មសរុបចំនួនជាង ៥០០០ កន្លែង ក្នុងនោះមានរោងចក្រចំនួន ១៣៦ រោងចក្រដែលមានកម្មករជាង ១ម៉ឺននាក់កំពុងបំរើការ ។
ក្រៅពីនេះ ក៏មានអាជីវកម្មផ្សេងជាច្រើន ដូចជារោងម៉ាស៊ីនកិនស្រូវ មានទាំងឡសំងូតជាច្រើនតាំងសម្រាប់ផលិតក្នុងការនាំចេញ និងផ្គត់ផ្គង់នៅក្នុងស្រុក៕






