រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ផ្តោតសំខាន់លើវឌ្ឍនភាព និងសមិទ្ធិផលសេដ្ឋកិច្ចក្នុងស្ថានភាពកំពុងប្រឈម

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលរួមមានប្រទេសកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានបើកិច្ចប្រជុំកំពូលលើកទី៥២ ស្ដីពីការអភិវឌ្ឍលើផែនការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ នៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺ Covid-19 ដែលបន្តជាបញ្ហានៅពេលបច្ចុប្បន្ន។

ក្រោមវត្តរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥២ រយៈពេល៣ថ្ងៃ និងទើបតែបញ្ចប់នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ បានពិភាក្សាលើស្ថានភាពវិវត្តន៍ក្នុងតំបន់ និងសកល ជាពិសេសផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពី Covid-19 ដោយផ្តោតសំខាន់លើការរក្សាការបើកទីផ្សារ ការលុបបំបាត់របាំងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យវិស័យពាណិជ្ជកម្មនៅតែរក្សាបានស្ថានភាពល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំក៏បានពិភាក្សាពីការរក្សាការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ការប្រើប្រាស់បច្ចេកវិទ្យា និងការអនុវត្តផែនការសកម្មភាពទីក្រុងហាណូយ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាស៊ាននិងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 រួមជាមួយនឹងការលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។

នៅក្នុងឱកាសនេះ ក៏មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)
ដោយកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការចរចា និងដោះស្រាយបញ្ហាសេសសល់ សម្រាប់ការរៀបចំការចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិបនៅខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមអាណត្តិផ្តល់ឱ្យដោយប្រមុខដឹកនាំអាសិប កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ ឆ្នាំ២០១៩។

នៅក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយវិបត្តិ Covid-19 នេះ រដ្ឋមន្ត្រីទាំងអស់បានសង្កត់ធ្ងន់លើការបើកចំហទីផ្សារ (ទំនិញ សេវាកម្ម និងវិនិយោគ) ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំរួមគ្នារវាងប្រទេសនៅក្នុងតំបន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ រដ្ឋមន្ត្រីទាំងអស់បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការចរចាបើកទីផ្សារ (ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងវិនិយោគ) និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនៅចុងឆ្នាំនេះ ដែលវាមានសារៈសំខាន់ខ្លាំងក្នុងការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសសម្រាប់ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញបន្ទាប់ពីវិបត្តិ Covid-19 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here