សំណង់ចំរុះជាង១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្តត្រូវបានរុះរើទាំងស្រុង

0

ដោយ ៖ រ៉ាណេត

សៀមរាប ៖ សំណង់ចំរុះគ្រប់ប្រភេទ ដែលស្ថិតនៅផ្នែកខាងត្បូងផ្លូវចូល និងមុខបរិវេណឈាងខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប សរុបជាង១៥០ខ្នង ត្រូវបានរុះចោលអស់ទាំងស្រុង។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះថា សំណង់ចំរុះ រួមមានអគាររដ្ឋបាលរបស់រដ្ឋ អគារភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ អាហារដ្ឋានលក់ម្ហូបអាហារ និងគ្រឿងភេសជ្ជៈ កន្លែងលក់សម្លៀកបំពាក់ផ្សេងៗ សរុបជាង ១៥០ខ្នង ដែលស្ថិតនៅ បរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុងហើយ ទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស។

លោកបានបញ្ជាក់ថា កិច្ចការនេះបានដំណើរការកាលពីដើមឆ្នាំ២០២០ ដោយមានការស្ម័គ្រចិត្ត និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃ រមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។

អាជ្ញាធរជាតិអប្សរា មានគម្រោងកែប្រែតំបន់ដែលជាអតីតទីតាំងសំណង់ ដែលរុះរើនេះរៀបចំឱ្យក្លាយជាផ្លូវថ្មើជើង សួនឈើប្រណីត ឈើផ្កាព្រៃ និងរុក្ខជាតិលម្អដែលមានក្លិន ពិដោរក្រ អូបៗផង ជាការកែប្រែទីនេះឱ្យមានភាពស្រស់បំព្រង មានពណ៌បៃតង បរិយាកាសល្អ និង សណ្តាប់ធ្នាប់កាន់ប្រសើរឡើង ដើម្បីធ្វើយ៉ាងណាបង្កើនសោភ័ណភាពតំបន់អង្គរឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងទាក់ទាញទេសចរជាងពេលបច្ចុប្បន្ន។

ដោយឡែក សម្រាប់បណ្តាអាជីវករដែលបានរុះរើតូបខ្លួនរួចរាល់ហើយ នឹងចាប់ផ្តើមដំណើរការលក់ ដូរឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ នៅក្នុងបរិវេណនៃបណ្តុំអគារទីលានបដិសណ្ឋារកិច្ច ដែលជាសំណង់ថ្មី ស្អាត ងាយស្រួល ហើយមានអនាម័យជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here