ដោយ ៖ ប៊ី
ទីក្រុងតូក្យូ ៖ លោក ស៊ីនហ្សូ អាបេ (Shinzo Abe ) នាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់តំណែង និងដឹកនាំប្រទេសបានយូរជាងគេនៅក្នុងប្រវត្តិសាស្ត្រ ជប៉ុន បានប្រកាសលាលែងពីតំណែង ជាផ្លូវការហើយ ដោយសារកត្តាសុខភាពមិនអំណោយផល។

ថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងតូក្យូនៅថ្ងៃសុក្រនេះ លោក អាបេ បាននិយាយថា “ទោះបីជានៅសល់រយៈពេលមួយឆ្នាំទៀត ដែលខ្ញុំត្រូវកាន់កាប់ និងមានបញ្ហាប្រឈមជាច្រើនដើម្បីឆ្លើយតប ក៏ដោយខ្ញុំបានសំរេចចិត្តឈប់ពីតំណែងនាយករដ្ឋមន្រ្តី។ ជាមួយការសុំលាលែងពីតំណែងនៅថ្ងៃនេះ លោកក៏បានសូមអភ័យទោសដល់ប្រជាជនជប៉ុន ដែលលោកមិនអាចបំពេញភារកិច្ចរបស់ខ្លួន ក្នុងកំឡុងពេលមានជំងឺរាតត្បាត COVID-19។
លោក អាបេ កើតមានជំងឺរលាកពោះវៀនធំ រាំរៃមិនអាចព្យាបាលបានអស់រយៈជាយូរមកហើយ ដែលជាកត្តាមួយក្នុងការលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ពោលគឺតាំងពីអំឡុងឆ្នាំ ២០០៧ ដែលជាពេលវេលាបញ្ចប់អាណត្តិដំបូងរបស់លោក បន្ទាប់ពីបានកាន់តំណែងជាងមួយឆ្នាំ។
នៅព្រឹកថ្ងៃច័ន្ទ ដើមសប្ដាហ៍កន្លងទៅនេះ លោក អាបេ បាន ទៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យកៃអូ នៅទីក្រុងតូក្យូ ដើម្បីទទួលយកលទ្ធផលវិភាគលើកទី២ របស់លោក។
លោកបានប្រាប់អ្នកសារព័ត៌មានថា “អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលខ្ញុំបានគ្រប់គ្រងជំងឺរ៉ាំរ៉ៃរបស់ខ្ញុំ ប៉ុន្តែនៅឆ្នាំនេះក្នុងខែមិថុនាខ្ញុំបានទៅពិនិត្យសុខភាពជាទៀងទាត់ ហើយមានសញ្ញានៃជំងឺនេះ”។ លោក អាបេ បាននិយាយថា “ខ្ញុំបានធ្វើការវិនិច្ឆ័យថា ខ្ញុំមិនគួរបន្តការងាររបស់ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្រ្តីឡើយ។ ខ្ញុំត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ហើយត្រូវការការព្យាបាល”៕






