ដោយវុត្ថា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនមិនទាន់ចូលជាធរមាននៅឡើយទេ បើទោះបីភាគីទាំងពីរបានប្រកាសបញ្ចប់ជាផ្លូវការយ៉ាងណាក្តី ខណៈការចុះហត្ថលេខាជាផ្លូវការរវាងភាគីទាំងពីរមិនទាន់បានកំណត់ពេលវេលាជាក់លាក់។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានទទួលការណែនាំ និង ភារកិច្ចក្នុងការចចារជាមួយភាគីចិនបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនជាផ្លូវវការកាលពីកន្លងមកនេះ និងត្រៀមសម្រាប់តែចុះហត្ថលេខាដ៏ខ្លីនៅពេលខាងមុខ។
លោកបន្តថា “តែសម្រាប់ការរៀបចំគណៈប្រតិភូជាន់ខ្ពស់ដែលមានសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ មិនមែនភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មនោះទេ “។ លោកបញ្ជាក់ថា “ភារកិច្ចនេះ អាចជាខុទ្ធការល័យរបស់សម្តេច ឬ ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ ខណៈក្រសួងពាណិជ្ជកម្ម កំពុងតែត្រៀមខ្លួនដែរក្នុងការចូលរួម”។
លោកបន្ថែមថា “សម្រាប់ក្រសួងពាណិជ្ជកម្មកំពុងតែត្រៀមខ្លួន និងឯកសារផ្សេងៗ រងចាំ គណៈប្រតិភូកម្ពុជាទៅចុះហត្ថលេខាជាមួយភាគីចិនតែប៉ុណ្ណោះ ហើយអ្វីដែលប្រកាសកាលពីកន្លងមកនេះ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិននេះ មិនទាន់ចូលជាធរមាននៅឡើយទេ ដោយរងចាំងនិតិវិធី និងការឯកភាពពីរដ្ឋសភា ព្រឹត្តិសភា និង ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ ទើបកិច្ចព្រមព្រៀងនេះ ចូលជាធរមាន”។
បើតាមអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា តាមផែនការរបស់រដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ តែយ៉ាងណា អាស្រ័យលើការរៀបចំនិតិវិធី និងការអនុម័តពីរដ្ឋសភា និងព្រឹទ្ធិសភា និងចុះព្រះហត្ថលេខាពីព្រះពីមហាក្សត្រ។
លោកបន្ថែមថា “ប្រទេសនីមួយៗ ធ្វើទៅតាមនិតិវិធីផ្ទៃក្នុងតាមរយៈការបញ្ជូនទៅរដ្ឋសភា ព្រឹទ្ធសភាជាដើម ដែលជាហេតុអាចនឹងប្រើប្រាស់ពេលវេលាយូជាងនេះ បន្ថែមពីនេះ ក៏អាចថាបាន តែ តាមផែនការរបស់យើងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ”។
លោកពន្យល់ថា កិច្ចព្រមព្រៀងនីមួយៗ មាននិតិវិធីតាមប្រភេទរបស់វា សម្រាប់កិច្ចព្រមព្រៀងតូចតាច គ្រាន់តែចុះហត្ថលេខារួចហើយ វានឹងចូលជាធរមានភ្លាមៗ តែសម្រាប់កិច្ចព្រមព្រៀងធំៗបែបនេះ (កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន) នឹងត្រូវឆ្លងកាត់រដ្ឋសភា និងព្រឹទ្ធសភា ទើបអាចចូលជាធរមាន និងផ្លូវការ ៕






