ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាន និងបន្តអនុវត្តនូវផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផ្តោតសំខាន់ទៅកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល រួមជាមួយនឹងការអភិវឌ្ឍផ្នែកធនធានមនុស្ស។

គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដែលដឹកនាំដោយលោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានចូលរួមសន្និសិទស្តីពីការតភ្ជាប់អាស៊ានលើកទី១១ តាមរយៈវីដេអូពីចម្ងាយទាក់ទងនឹងការពង្រឹងសាមគ្គីភាព និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស សំដៅការតភ្ជាប់កម្ពុជា-អាស៊ានឆ្នាំ២០២៥។
លោក ឡេង ធនយុទ្ធា បានឱ្យដឹងថា សន្និសីទនេះបានផ្តោតជាសំខាន់លើមធ្យោបាយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ានឱ្យកាន់តែមាននិរន្តរភាព ការអនុម័តលើការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីឆ្លើយតបទៅនឹងមេរោគ Covid-19 និងមធ្យោបាយដែលធ្វើឱ្យអ្នកជំនាន់ក្រោយរបស់អាស៊ានអាចត្រៀមខ្លួនបានល្អក្នុងការឆ្លើយតបទៅនឹងវិបត្តិនានាតាមរយៈការវិនិយោគលើធនធានមនុស្ស។

សន្និសីទស្ដីពីការតភ្ជាប់អាស៊ាននេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលចាប់ផ្ដើមតាំងពី ឆ្នាំ២០១០ ដោយសារបញ្ហាមេរោគកូវីដ-១៩ សន្និសីទលើកទី១១នេះត្រូវធ្វើឡើងតាមរយៈវីដេអូពីចម្ងាយ ដើម្បីបន្តវេទិការបស់ខ្លួនសម្រាប់ភាគីពាក់ព័ន្ធដើម្បីអនុវត្តផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ និង កំណត់វិស័យសហប្រតិបត្តិការដែលមានសក្ដានុពលរបស់ខ្លួនសំដៅឱ្យការអនុវត្តផែនការមេតភ្ជាប់ អាស៊ានឆ្នាំ២០២៥កាន់តែប្រសើរឡើង។
អង្គសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១១ នេះ មានលោក Tran Duc Binh ជាប្រធានគណៈកម្មាធិការសម្របសម្រួលការភ្ជាប់អាស៊ាន (Chair of the ASEAN Connectivity Coordinating Committee) ដោយមានការចូលរួមពីមន្ត្រីជំនាញនៃប្រទេសដែលជាសមាជិកអាស៊ានទាំងអស់៕






