ក្រុមហ៊ុនអាកាសចរណ៍ Silk Air ចាប់ផ្តើមហោះហើរឡើងពីសិង្ហបុរី មកភ្នំពេញនៅថ្ងៃនេះ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Silk Air ដែលចេញដំណើរពីសិង្ហបុរី មកភ្នំពេញបានចាប់ផ្តើមដំណើរការហោះហើរឡើងវិញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២០នេះ បន្ទាប់ពីផ្អាកមួយរយៈដោយការព្រួយបារម្ភពីការឆ្លងនូវជំងឺ covid-19 ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Silk Air នឹងចាប់ផ្តើមហោះហើរឡើងវិញរៀងរាល់ថ្ងៃអង្គារ និងថ្ងៃអាទិត្យ រៀងរាល់សប្ដាហ៍សម្រាប់គោលដៅមករាជធានីភ្នំពេញ។

សម្រាប់ការហោះហើរនេះ រដ្ឋាភិបាលតាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធបានក្រើនរំលឹកដល់អ្នកធ្វើដំណើរទាំងអស់ ដែលមានបំណងចូលមកប្រទេសកម្ពុជា ត្រូវកត់សម្គាល់ថាប្រទេសកម្ពុជា បានផ្អាកការលើកលែងទិដ្ឋាការ (រួមទាំងជនជាតិសិង្ហបុរី) ទិដ្ឋាការពេលមកដល់ ទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការអេឡិចត្រូនិច។

រាល់អ្នកដំណើរចាំបាច់ត្រូវដឹងមុនចេញដំណើរ ៖ ស្នើសុំទិដ្ឋាការនៅស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរី
ត្រូវមានលិខិតបញ្ជាក់សុខភាព ៧២ ម៉ោងមុនចេញដំណើរ ត្រូវទិញកញ្ចប់ធានារ៉ាប់រងសុខភាពរយៈពេល ២០ថ្ងៃ តម្កល់ប្រាក់ ២០០០ ដុល្លារ សម្រាប់ចំណាយលើការតេស្ត ស្នាក់នៅ និងការធ្វើដំណើរពេលមកដល់ និងធ្វើតេស្តភ្លាមៗ ហើយត្រូវរង់ចាំ ២៤ម៉ោង ដើម្បីទទួលលទ្ធផល ។

បើសិនអ្នកដំណើរណាម្នាក់តេស្តឃើញកូវីដ ១៩ អ្នករួមដំណើរទាំងអស់ត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលដែលបានរៀបចំ។

អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា តាមការគ្រោងទុក ចាប់ពីខែកញ្ញា ឆ្នាំ២០២០នេះ ជើងហោះហើររបស់កម្ពុជានឹងមានសកម្មភាពឡើងវិញ ដោយមានការហោះហើរមកពីប្រទេសមួយចំនួននៅក្នុងតំបន់ និងប្រទេសជប៉ុនផងដែរ។

លោកបន្តថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ទទួលបាននូវជើងហោះហើរប្រមាណ ១០ ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលធ្វើឱ្យវិស័យមួយនេះមានការចុះធ្លាក់យ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here