តើអ្វីនៅពីក្រោយគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃជាង ៧០០០លានដុល្លារ ក្នុងប្រទេសថៃត្រូវបានពន្យាពេល?

0

ដោយ ៖ ហ្សូលី

បាងកក ៖ មួយរយៈចុងក្រោយនេះ រដ្ឋាភិបាលថៃបានកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹងការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិចំនួន ៣ក្នុងប្រទេស ខណៈដែលពេលនេះត្រូវបានប្រឈមមុខនឹងការពន្យាពេលសាងសង់។

ក្រុមហ៊ុនផ្លូវដែករដ្ឋថៃ State Railway of Thailand បានបង្ហើបពីមូលហេតុធំបណ្តាលឱ្យមានផលប៉ះពាល់នៃការស្ថាបនាគម្រោងយក្សនេះ ដោយសារតែបញ្ហាខ្វះខាតថវិកា។ តម្លៃសរុបនៃការស្ថាបនាគម្រោងផ្លូវដែកល្បឿនលឿននេះ មិនទាន់ត្រូវបានអនុញ្ញាតជាផ្លូវការនៅឡើយទេ រង់ចាំការសិក្សាបន្ថែមទៀត ខណៈនេះដំណាក់កាលទី ១នៃការសាងសង់ផ្លូវដែកត្រូវបានពន្យាពេល។

ទោះជាយ៉ាងណា រដ្ឋលេខាធិការក្រសួងសាធារណការ លោក Chaiwat Thong Kamkoon បានប្រាប់សាធារណជនថា ថវិកានេះនឹងត្រូវបែងចែកឱ្យច្បាស់រវាងវិស័យឯកជន និងរដ្ឋាភិបាលឱ្យបានមុនដំណាច់ឆ្នាំនេះ។ រដ្ឋាភិបាលថៃនឹងមានចំណែកចូលរួមបោះទុនវិនិយោគក្នុងគម្រោងនេះប្រមាណ ៦០ ភាគរយ។

គម្រោងផ្លូវដែកល្បឿនលឿនមានការស្ថាបនាខ្សែរថភ្លើងប្រវែង ២២០គីឡូម៉ែត្រ តភ្ជាប់ព្រលានយន្តហោះអន្តរជាតិចំនួន ៣ ធំៗរបស់ប្រទេសថៃមានដូចជា ព្រលានយន្តហោះដុងមឿង ព្រលានយន្តហោះសុវណ្ណភូមិ និងព្រលានយន្តហោះ U tapao ដែលរដ្ឋាភិបាលថៃបានអនុម័តកាលពីឆ្នាំ ២០១៨ និងចុះហត្ថលេខាព្រមព្រៀងសាងសង់នៅខែតុលា ឆ្នាំ២០១៩។ វាក៏តភ្ជាប់រវាងខេត្ត-ក្រុងចំនួន ៥ មានដូចជា ក្រុងបាងកក ខេត្តសាមុទប្រាកាន់ ខេត្ត Chachoengsao ខេត្តឈុនបុរិ និងខេត្តរ៉ាក់យ៉ង។

ជារួម គម្រោងនេះនឹងរាប់បញ្ចូលខ្សែផ្លូវដែកដែលមានស្រាប់ ២៩ គីឡូម៉ែត្រ និងផ្លូវដែកថ្មី ១៩១ គីឡូម៉ែត្រ។ចំណែកឯក្រុមហ៊ុនម៉ៅការសាងសង់គម្រោងផ្លូវដែកដ៏ធំនេះ ក៏ត្រូវបានជ្រើសរើសរួចរាល់ហើយ។

កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលថៃតាំងចិត្តស្ថាបនាបណ្តាញផ្លូវដែកក្នុងប្រទេសឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយត្រូវចំណាយថវិកាសរុបប្រមាណ ២១ពាន់លានដុល្លារ ក្នុងគោលបំណងរឹតបន្តឹងប្រព័ន្ធដឹកជញ្ជូននិងកាត់បន្ថយជាតិពុលក្នុងបរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here