ឯកអគ្គរាជទូតជប៉ុនកំពុងសំឡឹងឃើញសក្តានុពលក្រុងចំនួន២ របស់កម្ពុជាដែលដើរតួនាទីគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចាត់ទុកខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត គឺជាកន្លែង និងច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីលោក បានធ្វើដំណើរទស្សនកិច្ច និងបំពេញកិច្ចការជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

នៅក្នុងសារចំណាប់អារម្មណ៍របស់ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចេញផ្សាយនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០នេះ សម្រាប់គម្រប់ខួបមួយឆ្នាំ ដែលលោក បានមកបំពេញការងារជានៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោកបានមានឱកាសបានចុះបំពេញកិច្ចការនៅខេត្តមួយចំនួននៅកម្ពុជាផងដែរ។

នៅក្នុងដំណើរបំពេញបេសសកម្មនៅក្នុងប្រទេសកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក្នុងនាមជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានធ្វើដំណើទៅកាន់ទស្សនាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ គឺប្រាសាទអង្គរ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងប្រាសាទព្រះវិហារ ហើយក៏បានទៅខេត្តព្រះសីហនុ និងទីក្រុងប៉ោយប៉ែត ដែលជាទីកន្លែងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។

លោកបន្តថា ‘ខ្ញុំចង់ធ្វើទស្សនកិច្ចខេត្តផ្សេងៗទៀតដើម្បីយល់ដឹងពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជាកាន់តែច្បាស់”។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ សរសេរបន្ថែមថា “ពេលវេលាមួយឆ្នាំ គឺពិតជាដើរលឿនណាស់ បន្ទាប់ពីពេលដែលខ្ញុំបានមកដល់កម្ពុជាក្នុងនាមជាឯកអគ្គរាជទូតជប៉ុន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំមុន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាដែលបានស្វាគមន៍ និងផ្ញើសារដ៏កក់ក្តៅជាច្រើនមកដល់ខ្ញុំ។

លោកម៉ាកាមិ បានសរសេរបន្ថែមថា “តាំងពីដើមឆ្នាំនេះមក បញ្ហាមេរោគCovid-19 បានផ្ទុះឡើងនៅទូទាំងពិភពលោក ហើយធ្វើឲ្យជីវភាពរស់នៅរបស់យើងម្នាក់ៗបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពឋិតឋេរ ដោយមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនក៏ដោយ ខ្ញុំដឹងថាប្រជាជនកម្ពុជា ក៏មានការព្រួយបារម្ភ និងជួបប្រទះការពិបាកជាច្រើនផងដែរ។ នៅពេលបច្ចុប្បន្ននេះ មានកម្មវិធីជាច្រើនបានផ្អាក និងពន្យារពេល ហើយការចេញចូលក្នុង និងក្រៅប្រទេសក៏មានការរឹតត្បិត”។

កាលពីថ្ងៃទី២១ និង២២ ខែសីហា ថ្មីៗនេះ លោក ម៉ូតេហ្គី រដ្ឋមន្រ្តីការបរទេសជប៉ុនបានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានឯកភាពគ្នាជាមួយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ថាប្រទេសយើងទាំងពីរនឹងបើកឲ្យប្រជាជនយើងអាចធ្វើដំណើរទៅវិញទៅមកបានបន្តិចម្តង បន្តិចម្តង ដោយស្របជាមួយនឹងវិធានការផ្សេងៗទប់ទល់នឹងCovid-19។

លោកមិកាមិ បានណែនាំពាក្យជប៉ុនមួយឃ្លាថា “ピンチはチャンス“ ដែលមានន័យថា ”វិបត្តិគឺជាឱកាស”។ ទោះបីជា ស្ថិតក្រោមស្ថានភាពបែបនេះក៏ដោយ លោកនឹងនៅតែគិតគូរថា តើខ្ញុំអាចធ្វើអ្វីបានខ្លះ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុន និងបន្តព្យាយាមជម្រុញបន្ថែមទៀតនូវមិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ ដោយសហការជាមួយ កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here