រដ្ឋាភិបាលសម្រេចដំឡើងច្រកទ្វារព្រំដែនម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិកម្ពុជា-វៀតណាម

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានសម្រេចដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) និងត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខដ៏ខ្លី ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម និង សម្រួលដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ព្រមទាំងដឹកជញ្ជូនទំនិញ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា នាពេលកន្លងមក រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ។

លោកបន្ដថា ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែន ម៉ឺនជ័យ នាពេលខាងមុខនេះ ក្រសួមហាផ្ទៃ ក៏បានចាត់ឲ្យ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគី វៀតណាម ចំនួន២លើកផងដែរ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចុះពិនិត្យដំណើរការសាងសង់អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ដែលគិតរហូតមកដល់ពេលនេះ អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ សាងសង់ស្ទើរតែបញ្ចប់១០០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលវេលាសមសម្រាប់ខាងមុខនេះ

ច្រកទ្វារព្រំដែនម៉ឺនជ័យ គឺមានទីតាំងស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here