កម្ពុជា-ស្វីស កំពុងពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍វិស័យសំខាន់ៗចំនួន៣

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសស្វីស បាន និងកំពុងបន្តកិច្ចពង្រឹងលើកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការអភិវឌ្ឍន៍វិស័យសំខាន់ៗចំនួន៣ រួមមានវិស័យអភិបាលកិច្ច វិស័យអប់រំ និងវិស័យកសិកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាភិបាលកម្ពុជា និងទីភ្នាក់ងារ (SDC) តំណាងរដ្ឋាភិបាលស្វីសបានជួបពិភាក្សាការងារលម្អិតអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ស្វីស និងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ការងារ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត។

ជាមួយលោក ម៉ាកឃឹស ប៊ឺលី (Markus Buerli) នាយកថ្មី នៃទីភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងសេចក្ដីប្រកាសដដែលបានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនេះ តំណាងរដ្ឋាភិបាលកម្ពុជា គឺលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយឡែកតំណាងរដ្ឋាភិបាលស្វីល គឺលោក ម៉ាកឃឹស ប៊ឺលី ដែលត្រូវបានរដ្ឋាភិបាលសហព័ន្ធស្វីស តែងតាំងជានាយកថ្មីនៃទីភា្នក់ងារ (SDC) ប្រចាំកម្ពុជាព្រះរាជាណាចក្រកម្ពុជា ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីសសម្រាប់កម្ពុជា គឺបានតម្រឹម និងឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើអាទិភាពចំនួន ៣ រួមមាន៖ ១) វិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ, ២) វិស័យកសិកម្ម និងសន្តិសុខស្បៀង និង ៣) វិស័យអភិបាលកិច្ច, ការចូលរួមរបស់ប្រជាពលរដ្ឋ និងសុខាភិបាល។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហព័ន្ធស្វីស និងប្រជាជនស្វីស ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា និងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្វីស ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសនៅកម្ពុជា តាមរយៈ ការគាំទ្រដល់ប្រជាជនតាមមូលដ្ឋាន, ជនងាយរងគ្រោះ និងប្រជាជនចំណាកស្រុកដែលត្រឡប់មកពីប្រទេសជិតខាង នៅក្នុងខេត្តមួយចំនួន ព្រមទាំងការផ្តល់ការគាំទ្រចំណូលសម្រាប់រយៈពេលខ្លី តាមរយៈកម្មវិធីសាច់ប្រាក់ពលកម្ម ។

លោក ម៉ាកឃឹស បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញការងារជានាយកថ្មីទីភា្នក់ងារ SDC ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេច បានក្នុងកិច្ចអភិវឌ្ឍកម្ពុជា ។ ជាមួយគ្នានេះ លោក ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ ក្នុងការអនុវត្តគោលការណ៍ភាពជាដៃគូសកល ស្តីពី ស័ក្កិសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍ និងភាពជាដៃគូ ក៏ដូចជាការបន្តផ្តល់កិច្ចសហការ និងភាពជាដៃគូយ៉ាងល្អប្រសើរ ជាមួយរដ្ឋាភិបាលសហព័ន្ធស្វីស តាមរយៈទីភ្នាក់ងារ SDC ប្រចាំកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here