ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិHeritage Walk ដែលផ្តោតលើបែបផែនជីវិតសម័យថ្មី lifetyle នឹងបើកដំណើរការនៅកណ្តាលក្រុងសៀមរាប នាដើមខែមិថុនា ខាងមុខនេះ។
នាយកគ្រប់គ្រងទូទៅនៃផ្សារទំនើបHeritage Walk លោក ឈាង សុភក្តិ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៣ មេសានេះថា ផ្សារបែប Lifestyle Cromlech នេះបើកដំណើរការនៅដើមខែមិថុនាខាងមុខនេះ ដើម្បីផ្តល់កន្លែងកំសាន្តសប្បាយដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បន្ទាប់ពីផ្សារនេះបើកដំណើរការសាងសង់នៅឆ្នាំ២០១៦កន្លងមកនេះ។ លោកបន្តថា ផ្សារនេះមានកំពស់៥ជាន់ ដោយពីរជាន់ស្ថិតនៅក្រោមដី និងបីជាន់ស្ថិតនៅលើដី ដែលជាកន្លែងផ្តល់សេវាកំសាន្ត ការញុំាអាហារដ៏សម្បូរបែបដល់ភ្ញៀវនានា។
លោកបន្តថា “យើងមិនប្រកួតប្រជែងជាមួយPub Street ទេ និងមិនប្រកួតជាមួយសណ្ឋាគារណានោះទេ ប៉ុន្តែក្រុមហ៊ុនមានបំណងផ្តល់សេវាកម្មកំសាន្ត ការញុំាអាហារ និងការដើរកំសាន្តបែបជីវិតស៊ីវិល័យថ្មីមួយ សម្រាប់ទីក្រុងសៀមរាប”។លោកបន្តថា “អ្វីសំខាន់ យើងចង់ឲ្យភ្ញៀវទេសចរណ៍មានកន្លែងកំសាន្ត និងស្នាក់នៅបានយូរក្នុងក្រុងសៀមរាប”។ ផ្សារដែលផ្តោតលើបែបផែនជីវិតសម័យថ្មីនេះ មានទំហំ១៤០០០ម៉ែត្រការ៉េ និងមានទីតាំងស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ពោលគឺនៅក្បែរទីសក្ការៈព្រះអង្គចេកព្រះអង្គចម។