ដោយៈ វុត្ថា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញចាប់ពីផ្លូវលេខ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានី។

មន្ទីរសាធារណៈការ និងដឹងជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ពិធីបើកការដ្ឋានខាងលើ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
កាលពីម្សិលនេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានចុះមកពិនិត្យទីតាំង សំរាប់រៀបចំកម្មវិធីបើកការដ្ឋានស្ថាបនាផ្លូវ ដែលមានទទឹង៣០ម៉ែត្រ និងបណ្ដោយ ៥៨៦០ម៉ែត្រ ដែលតភា្ជប់ចាប់ពីចំណុចបុរីអង្គរភ្នំពេញ រហូតដល់មហាវិថីឈ្នះៗមុនពេលរៀបចំពិធីសម្ពោធបើកការដ្ឋាន។

លោកបានបញ្ជាក់ថា “មហាវិថីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រួលចរាចរ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅប៉ែកខាងជើង និងប៉ែកខាងកើត រាជធានីភ្នំពេញ”៕






