ដោយ ហ្សូលី
ភ្នំពេញ៖ វិស័យដីធ្លីនៅតាមបណ្តារខេត្តហាក់មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចប្រចាំខេត្តមានកំណើនជាបន្តបន្ទាប់ ជាហេតុជម្រុញឱ្យវិនិយោគិនមានតម្រូវការដីក្នុងការរៀបចំគម្រោងអភិវឌ្ឍនានា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏ធ្លាប់បានបង្ហាញភាពកោតសរសើរចំពោះសមិទ្ធផលរបស់វិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា មិនថាបណ្តារខេត្តនិងទីក្រុងនោះទេ។ សម្តេចរំពឹងថា ទីផ្សារអចលនទ្រព្យនៅតាមបណ្តារខេត្តដូចជា ដីធ្លី ខុនដូ លំនៅដ្ឋាន សំណង់អគារផ្សេងៗ និងកាន់តែកើនតួលេខអភិវឌ្ឍបន្ថែម ដើម្បីជម្រុញសេដ្ឋកិច្ចប្រទេសកម្ពុជាមួយកម្រិតទៀត។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Amatak Property Service បានមានប្រសាសន៍ប្រាប់គេហទំព័រ PropertyAreaAsia ថា ដីធ្លីខេត្តកំពតមានសក្តានុពលទៅលើប្រភេទអចលនទ្រព្យដែលបម្រើដល់វិស័យទេសចរណ៍ ហើយវិនិយោគិនភាគច្រើនត្រូវការអភិវឌ្ឍលើសណ្ឋាគារ ផ្ទះលម្ហែ ឬច្នៃដីធ្លីទៅជា តំបន់ទេសចរណ៍ធម្មជាតិ ឬបឹងហ្គាឡូ ជាដើម។
លោកស្រីបន្តថា ស្របពេលរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើសោភ័ណភាពនៃខេត្តកំពតឱ្យក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិនោះ ទើបបណ្តាលឱ្យវិនិយោគិនត្រូវសម្លឹងមើលឱកាសវិនិយោគបន្ថែម។
បន្ទាប់ពីមានដំណឹងច្បាស់ការអំពីគម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីរួចហើយនោះ បច្ចុប្បន្នខេត្តកណ្តាលបានក្លាយជាតួឯកក្នុងវិស័យដីធ្លីផងដែរ។
អ្នកជំនាញអចលនទ្រព្យក្នុងស្រុកមួយរូប និងជាអគ្គនាយក្រុមហ៊ុនអចលនទ្រព្យ R Investment លោកឧកញ៉ា តេង រិទ្ធី បានពន្យល់ថា ខេត្តកណ្តាលមានតម្រូវការធីធ្លី ដោយហេតុថាខេត្តកំពុងមានសកម្មអភិវឌ្ឍហេដ្ឋារចនាសមព័ន្ធ និងមានគម្រោងលំនៅដ្ឋានទាំងកម្រិតមធ្យម និងខ្ពស់ រួមទាំងសំណង់អគារមួយចំនួន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE បានឱ្យដឹងថា វិស័យដីធ្លីនៅកម្ពុជាមានកំណើនខ្ពស់ជាងគេ រីឯតម្លៃវិញទៀតសោតកើនឡើង ១២ ភាគរយ ជារៀងរាល់ឆ្នាំ៕






