ក្រុមហ៊ុនដ៏ធំលំដាប់ទី៣របស់កូរ៉េខាងត្បូងស្វែងដែគូវិនិយោគនៅកម្ពុជា

0

ដោយ ៖ វុត្ថា

កូរ៉េ ៖ ស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ ត្រូវបានបញ្ចប់ក្នុងដំណាក់ទី២ និងត្រៀមឈានចូលដល់ជុំទី៣នៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនដ៏ធំលំដាប់ទី៣ នៅក្នុងប្រទេសកូរ៉េ បាន និងកំពុងចាប់អារម្មណ៍ស្វែងរកក្រុមហ៊ុនដៃគូវិនិយោគនៅកម្ពុជា។

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា បច្ចុប្បន្នក្រៅពីមានបណ្តាក្រុមហ៊ុនកូរ៉េជាច្រើនដែលបានធ្វើកិច្ចសហការវិនិយោគ និងពាណិជ្ជកម្មរួមគ្នាជាមួយកម្ពុជារួចទៅហើយនោះ បច្ចុប្បន្នមានក្រុមហ៊ុនដ៏ធំមួយផ្សេងទៀតស្ថិតនៅលំដាប់ទី៣នៅក្នុងប្រទេសកូរ៉េ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចូលមកវិនិយោគនៅបន្ថែមនៅកម្ពុជាផងដែរ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា “ថ្ងៃនេះមកចែចូវគេដល់កន្លែងទីស្នាក់ការកណ្ដាលក្រុមហ៊ុន GTG Wellness ដែលជាក្រុមហ៊ុនធំលំដាប់ទី៣របស់កូរ៉េដែលផលិតឧបករណ៍បរិក្ខារការពារ ព្យាបាល ថែទាំសម្រស់និងសុខភាព”។ លោកបានបន្តថា “ក្រុមហ៊ុននេះមានចំណាប់អារម្មណ៍ចាប់ដៃជាមួយដៃគូកម្ពុជាដើម្បីដំឡើងរោងចក្រផលិតស្រោមដៃកៅស៊ូ ព្រោះស្រោមដៃបច្ចុប្បន្ននេះនៅក្នុងពិភពលោកយើងមានតម្រូវការខ្ពស់ណាស់។ ជាមួយគ្នានេះ ស្ថាប័នជាតិពាក់ព័ន្ធសំខាន់ៗបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការសម្របសម្រួលជូនកិច្ចការវិនិយោគដ៏មានសារៈសំខាន់មួយនេះផងដែរ”។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់មួយ ដែលតម្លៃ ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ កើនឡើង ៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។ ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៣៣៦ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង និងនាំចូល ៦៩៧ លានដុល្លារពីប្រទេសកូរ៉េខាងត្បូង។ ប្រទេសកម្ពុជាគឺជាទិសដៅនាំចេញធំជាងគេទី ៥៨ របស់ប្រទេសកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here