ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ត្រៀមបើកកិច្ចប្រជុំប្រឹក្សាចម្រុះក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគពិភាក្សាទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ និងលោក ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ
រិកប្រចាំនៅកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពី ៣,៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ មកដល់ ៤,៧ពានលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ក្នុងអាត្រាកំណើនប្រមាណ ៤២ ភាគរយ។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ ក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្តិ ដែលធានាបង្កើនបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរនៅកម្ពុជា ជាពិសេស ការចូលជាធរមាននៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការបង្កើតអនុក្រឹត និងបទបញ្ញត្តិពាក់ព័ន្ធ និងបានស្នើភាគីអាមេរិកបន្តជំរុញវិនិយោគិនរបស់ខ្លួនមកធ្វើធុរកិច្ច និងវិនិយោគក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះឱ្យបានកាន់តែច្រើន។
ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សាខាងលើនេះ តំណាងរដ្ឋាភិបាលនៃប្រទេសទាំង២ បានសម្តែងនូវសុទិដ្ឋិនិយមក្នុងកិច្ចសហប្រតិបត្តិការរវាងរួមគ្នា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ហើយថែមទាំងបានឯកភាពជាបឋមក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-អាមេរិកលើកទី៦ តាមរយៈ Video Conference នៅពេលខាងមុខនេះ៕






