ដោយៈរ៉ាណេត
កោះកុងៈ មិនចាញ់សក្ដានុពលខេត្តព្រះសីហនុប៉ុន្មាននោះទេ សម្រាប់ខេត្តជាប់សមុទ្រកោះកុង មានតំបន់កោះអនុគ្រោះផល ដល់ការវិនិយោគក្នុងវិស័យទេសចរណ៍ រហូតដល់៣៥ទីតាំង ដែលកំពុងទន្ទឹងរង់ចាំ ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគ និងអភិវឌ្ឍន៍។
មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សាគុណ ភក្ដី បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទនៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០កន្លងមកថា កោះកុងគឺជាខេត្តដែលមានសក្ដានុពលទាំងវិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ មិនចាញ់ខេត្តដទៃទៀតដែលស្ថិតជាប់តំបន់សមុទ្រនោះទេ ផ្ទុយទៅវិញអាចមានភាពទាក់ទាញខ្លាំង ក្រោយពេលគម្រោងសាងសង់ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងខេត្តត្រូវបានបញ្ចប់ទាំងស្រុង ។
លោកបន្តថា “សម្រាប់តែតំបន់ទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងខេត្ត មិនថាតំបន់ឆ្នេរ និងតំបន់កោះនោះទេ សុទ្ធតែមានភាពទាក់ទាញ ជាពិសេសតំបន់ព្រៃកោងកាងជាច្រើនទីតាំង សុទ្ធតែអំណោយផលដល់វិស័យទេសចរណ៍ទាំងអស់ ហើយជារៀងរាល់ខែបានស្រូបទាញទេសចរជាតិ និងអន្តរជាតិជាច្រើននាក់” ។
ក្នុងចំណោមឆ្នេរសមុទ្រប្រទេសកម្ពុជា ដែលមានប្រវែងប្រហែល៤៤០គីឡូម៉ែត្រ ខេត្តកោះកុង ត្រូវបានដឹងថាជាខេត្ត ដែលមានឆ្នេរវែងជាងគេគឺប្រហែល២៣៧គីឡូម៉ែត្រ ដោយលាតសន្ធឹងចាប់ពីចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹងខេត្តត្រាតប្រទេសថៃ ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ ។ ដោយឡែក កោះនៅក្នុងលម្ហសមុទ្រមាន២៣ និងកោះនៅក្នុងព្រែកមាន១២សរុប៣៥កោះ ។
ជាមួយនឹងភាពអំណោយផល ដល់វិស័យទេសចរណ៍នៅទូទាំងខេត្ត លោក សាគុណ ភក្ដី បានបញ្ជាក់ថា កោះដែលមានទេសចរទៅកម្សាន្តច្រើន កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្នរួមមាន កោះស្ដេច កោះរីករាយ កោះស្មាច់ កោះខ្មោច កោះកុងក្រៅ ដែលកោះទាំងនេះមានភាពស្រស់ស្អាត ទាំងទេសភាពនៃតំបន់កោះ និងតំបន់ឆ្នេរ ថែមទាំងមានជាប្រភេទអាហារសមុទ្រ ដែលលក់ដោយអ្នកភូមិសហគមន៍ ព្រមទាំងមានកន្លែងស្នាក់នៅរយៈពេលខ្លីផងដែរ ។
លោកបន្តថា “បច្ចុប្បន្ននេះទោះជាតំបន់កោះជាច្រើន នៅក្នុងខេត្តទាំងនៅតំបន់ដែនសមុទ្រ ទាំងនៅតំបន់ព្រែក នៅមិនទាន់មានក្រុមហ៊ុនឯកជន ចូលទៅធ្វើការវិនិយោគ និងអភិវឌ្ឍន៍បង្កើនភាពទាក់ទាញ បម្រើដល់វិស័យទេសចរណ៍ និងកម្សាន្តដូចបណ្តាខេត្តដទៃទៀតនោះទេ” ។
លោកបន្តថា “ប្រសិនបើមានការចូលរួមពីវិស័យឯកជន ក្នុងការរៀបចំ និងអភិវឌ្ឍន៍បន្ថែមខ្ញុំជឿជាក់ថា ភាពរីកចម្រើននឹងអាចទទួលបានទាំងអស់គ្នា ទាំងអ្នកវិនិយោគ ទាំងប្រជាពលរដ្ឋអាស្រ័យផលនៅក្នុងតំបន់ ក៏ដូច ជាផ្តល់កំណើនសេដ្ឋកិច្ចដល់ខេត្តកោះកុងទាំងមូលផងដែរ” ៕