ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ការវិនិយោគទៅលើសំណង់ឃ្លាំងនៅតាមបណ្តាជាយក្រុង ជាពិសេសនៅតំបន់ដែលមានគម្រោងប្រមូលផ្តុំទៅដោយសំណង់រោងចក្រសហគ្រាសនានា ដូចជាតាមបណ្តោយជាតិលេខ៥១ តំបន់ផ្លូវជាតិលេខ៤ និងតំបន់ផ្លូវជាតិលេខ១ បច្ចុប្បន្នគេសង្កេតឃើញថាកំពុងតែមានសកម្មភាពយ៉ាងផុលផុស ខណៈដែលតម្រូវការទីផ្សារកំពុងមាន។

ស្ថាបនិកក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក សៅ សាខុំ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះថា បច្ចុប្បន្នទីផ្សារដែលស្ថិតនៅតាមតំបន់ជាយក្រុងភាគច្រើនសុទ្ធតែមានតម្រូវជួល ជាពិសេសសំណង់ឃ្លាំងដែលស្ថិតនៅតាមតំបន់សំខាន់ៗដូចជាតំបន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិ៤ ផ្លូវជាតិលេខ៥១ រួមជាមួយនឹងតំបន់មួយចំនួនទៀតដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលក្រុង។
លោក សៅ សាខុំ បានមានប្រសាសន៍បន្តទៀតថា “ទីផ្សារឃ្លាំងត្រូវបានគេបែងចែកជាឃ្លាំងគ្មានស្ដង់ដា ដែលមានត្រឹមតែជាអគារ ឬជារោងបិតជិតមានទំហំ និងប្រភេទឃ្លាំងមានស្ដងដាដែលត្រូវបានសាងសង់នៅទីតាំងល្អ មានហេដ្ឋារចនាសម្ព័ន្ធ មានបំពាក់បរិក្ខាត្រឹមត្រូវ ហើយនៅក្នុងប្រភេទឃ្លាំស្ដង់ដានេះ ក៏មានការបែងចែកចេញជាកម្រិត Aកម្រិត B និងកម្រិត C ហើយតម្លៃក៏មានភាពខុសគ្នាដែរ”។
លោកបន្តថា “សម្រាប់អ្នកដែលគាត់វិនិយោគទៅលើសំណង់ឃ្លាំង គឺអាចទទួលបានចំណេញ២យ៉ាងក្នុងពេលតែមួយ ដែលក្រៅពីអាចទទួលបានចំណូលតាមរយៈការជួលប្រចាំខែ ឬប្រចាំឆ្នាំ គាត់ក៏អាចទទួលបានចំណេញពីអត្រានៃការឡើងថ្លៃតម្លៃដីផងដែរ ព្រោះជាធម្មតានៅពេលដែលមានសំណង់ឃ្លាំង សំណង់រោងចក្រផ្សេងៗ តែងជំរុញឱ្យសកម្មភាពទីផ្សារដីធ្លីមានការកើនឡើង ប៉ុន្តែអ្វីដែលសំខាន់ អ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍មុនពេលសម្រេចចិត្តបណ្តាក់ទុនគម្បីត្រូវពិនិត្យឱ្យបានច្បាស់ទៅលើទីតាំង ស្ថានភាពដី និងតម្លៃដីមុនពេលវិនិយោគ ជៀសវាងសាងសង់រួចមិនមានអ្នកជួល”។
ពាក់ព័ន្ធទៅនឹងទីផ្សារឃ្លាំង លោក ខាត់ សុវណ្ណ ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Cam Top Property ធ្លាប់បានមានប្រសាសន៍ថា ការវិនិយោគលើឃ្លាំងសម្រាប់ជួល ជាការវិនិយោគលើផ្នែកអចលនទ្រព្យផងដែរ ប៉ុន្តែហាក់មិនសូវមានការពេញនិយមច្រើននោះទេ ខណៈតម្រូវការលើឃ្លាំងសម្រាប់ជួលកើនឡើងជាប្រចាំ និងរកប្រាក់ចំណេញបានច្រើន។
លោកបន្តថា “ការវិនិយោគលើឃ្លាំងសម្រាប់ជួល ប្រសិនជាឃ្លាំងមិនមានស្តង់ដាអាចជួលបានចន្លោះពី១,២ ទៅ២ដុល្លារ ប៉ុន្តែឃ្លាំងមានស្តង់ដាអាចជួលបានចន្លោះពី២ ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះ អាស្រ័យទៅតាមទីតាំង ការបំពាក់បរិក្ខា និងតម្រូវការជាក់ស្ដែងរបស់អតិថិជន”៕






